សេណេហ្គាល់៖ ក្រសួងការបរទេសប្រទេសសេណេហ្គាល់ បានប្រកាស់កាលពីថ្ងៃអង្គារថា ខ្លួនបានបិទជាបណ្តោះអាសន្នស្ថានកុងស៊ុលនៅក្រៅប្រទេស ក្នុងពេលមានការរាលដាលភាពតានតឹងផ្នែកនយោបាយ ដែលបានបង្កការវាយប្រហារលើបេសកកម្មការទូតរបស់ខ្លួនក្នុងទីក្រុងប៉ារីស ទីក្រុង Bordeaux ទីក្រុងMilan និងទីក្រុងNew York។

ការតវ៉ាដ៏ខ្លាំង បានផ្ទុះឡើងកាលពីសប្តាហ៍មុន ក្នុងរដ្ឋធានី Dakar ប្រទេសេណាហ្គាល់ និងទីក្រុងផ្សេងៗទៀត បន្ទាប់ពីការកាត់ទោស មេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រីយ៍ លោក Ousmane Sonko។
ការធ្វើកុបកម្មជាច្រើនថ្ងៃ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៦នាក់ស្លាប់ និងរាប់រយនាក់រងរបួស ខណៈអ្នកគាំទ្ររបស់លោក Sonko បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។
ភាពរំជើបរំជួលដោយសារវិបត្តិ បានធ្វើឲ្យរង្គោះរង្គើរនៅក្រៅប្រទេស ដោយពលរដ្ឋសេណេហ្គាល់រស់នៅបរទេសនាំទៅរកការធ្វើបាតុកម្ម នៅស្ថានកុងស៊ុលរបស់ប្រទេសនៅក្រៅប្រទេស។ ក្រសួងការបរទេស បាននិយាយថា ក្រសួងកំពុងចាត់វិធានការបង្ការជាមុន ដើម្បីបិទបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសបារាំង អ៊ីតាលី និងសហរដ្ឋអាមេរិក សម្រាប់ពេលបច្ចុប្បន្ន បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់។

ក្រសួងនិយាយថា ស្ថានកុងស៊ុលសេណេហ្គាល់ នៅក្នុងទីក្រុង Milan ត្រូវបានរងការវាយប្រហារខ្លាំងបំផុតដោយបាននិយាយថា ម៉ាស៊ីនដែលត្រូវបានប្រើប្រាស់ដើម្បីផលិតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជាតិ ត្រូវបានបំផ្លាញ។ ក្រសួងនិយាយថា សេវានានា នឹងបន្តនៅស្ថានកុងស៊ុលក្នុងពេលឆាប់ៗ នៅពេលសម្ភារៈ និងស្ថានភាពសន្តិសុខ អាចដំណើរការទៅបាន។