អាមេរិក៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានបំណងបញ្ចៀស សង្គ្រាមត្រជាក់ថ្មី ជាមួយប្រទេសចិន ហើយវាចាំបាច់ដើម្បីបង្កើតយន្តការនៃកិច្ចសន្ទនាដើម្បីការពារការប៉ះទង្គិចយោធាដោយអចេតនារវាងប្រទេសទាំងពីរ។ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Kurt Campbell បានថ្លែងលើកឡើងនៅក្នុងព្រឹត្តិការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងសង្គម កាលពីថ្ងៃពុធក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក Campbell និយាយថា វាមិនប្រាកដនោះទេនូវអ្វីជាច្រកនៃការចូលរួមកិច្ចសន្ទនា ជាថ្មី និងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ។ ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញការព្រួយបារម្ភជុំវិញនូវអ្វី ដែលខ្លួនចាត់ទុកថា ជាការពើបប្រទះដ៏គ្រោះថ្នាក់ ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងទៅនេះ។
យន្តហោះចម្បាំងចិន បានហោះកាត់មុខយន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក នៅលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៦ ខែឧសភា ហើយកាលពីថ្ងៃសៅរ៍ នាវាចម្បាំងចិន បានបើកកាត់មុខនាវាពិឃាតអាមេរិក នៅច្រកសមុទ្រកោះតៃវ៉ាន់។

លោក Campbell និយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាំបាច់ត្រូវបង្កើតយន្តការទំនាក់ទំនងដើម្បីបញ្ចៀសឧបត្តិហេតុ នៅពេលដែលនាវាចម្បាំង ឬយន្តហោះ ខិតទៅជិតគ្នាបំផុត។ លោកនិយាយថា យន្តការបែបនេះបានកើតមានជាមួយអតីតសហភាពសូវៀត ដែលនាំទៅរកការកំណត់នៃស្ថិរភាពជាយុទ្ធសាស្ត្រ និងទំនុកចិត្ត អំឡុងសង្គ្រាមត្រជាក់។ កាលពីពេលថ្មីៗនេះ ប្រទេសចិន បានច្រានចោល សំណើររបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមួយរវាងប្រមុខការពារជាតិ នៅក្រៅវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី។