អាមេរិក៖ រដ្ឋអាជ្ញាសហព័ន្ធ បានជូនដំណឹងដល់មេធាវីរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថា រូបលោកគឺជាគោលដៅនៃការស៊ើបអង្កេត សម្រាប់ការការចាត់ចែងទុកដាក់ឯកសារសម្ងាត់។ មនុស្សដែលដឹងពីបញ្ហានេះ បាននិយាយ កាលពីថ្ងៃពុធ (ទី៧ ខែមិថុនា) ដែលជាការដាក់បន្ទុកបន្ថែមលើបញ្ហាផ្លូវច្បាប់ជាច្រើនរបស់លោក ខណៈដែលលោកកំពុងធ្វើយុទ្ធនាការ ដើម្បីប្រជែងតំណែងសេតវិមាន ក្នុងឆ្នាំ២០២៤។
ក្រសួងយុត្តិធម៌ជាទូទៅ តែងជូនដំណឹងដល់គ្រប់បុគ្គលទាំងឡាយ នៅពេលដែលពួកគេក្លាយជាគោលដៅនៃការស៊ើបអង្កេត ដើម្បីផ្តល់ឱកាសឲ្យពួកគេបង្ហាញភ័ស្តុតាងផ្ទាល់ខ្លួនរបស់ពួកគេ នៅចំពោះមុខគណៈវិនិច្ឆ័យ ហើយការជូនដំណឹងនេះ ពុំមានន័យថា លោក Trump នឹងត្រូវចោទប្រកាន់នោះទេ។

ព័ត៌មាននៃការជូនដំណឹងដល់ក្រុមអ្នកច្បាប់របស់លោក Trump នេះ បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេធាវីរបស់លោក បានជួបជាមួយមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីករណីនេះ។ ក្រុមការងាររបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ហើយមេធាវីរបស់លោក Trump ដែលទទួលខុសត្រូវករណីឯកសារនេះ ក៏មិនអាចទាក់ទងបានដែរ។
លោក Trump ដែលជាបេក្ខជននាំមុខគេ ក្នុងការប្រជែងសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ឆ្នាំ២០២៤ បានពណ៌នាម្តងហើយម្តងទៀតថា ការស៊ើបអង្កេតដ៏ច្រើននេះ ធ្វើឡើងក្នុងហេតុផលនយោបាយ។

គណៈវិនិច្ឆ័យរបស់សហព័ន្ធ បាននិងកំពុងស៊ើបអង្កេតការរក្សាទុកឯកសារសម្ងាត់របស់លោក Trump ក្រោយចាកចេញពីសេតវិមាន ក្នុងឆ្នាំ២០២១ ហើយអមជាមួយនឹងករណីផ្សេង លោក Trump ក៏ប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មដោយរដ្ឋអាជ្ញានៅរដ្ឋ Georgia ទាក់ទងនឹងការប៉ុនប៉ងរបស់លោក ក្នុងការលុបចោលការបរាជ័យ សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ នៅក្នុងរដ្ឋនេះ៕