
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មប្រទេសអារ៉ាប់អេមីរ៉េត ដែលសម្ដេចនឹងលើកឡើងពីការទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជាជាពិសេសលើវិស័យកសិកម្ម ហើយនេះក៏ជាឱកាសបង្កើតការងារបន្ថែមទៀតនៅកម្ពុជាផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅរសៀលថ្ងៃទី៨នេះ សម្តេចតេជោ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម។
សូមបញ្ជាក់ថា កម្ពុជា-អេមីរ៉ាតអារ៉ាប់រួមប្រកាសបើកជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កាលពីថ្ងៃទី២៤តុលា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងនេះ មានបញ្ចូលការចរចាលើការធ្វើសេរីភាវហូបនីយកម្មទំនិញ សេវាកម្ម ការជំរុញការវិនិយោគ និងការចរចាលើបញ្ញត្តិសំខាន់ៗ មួយចំនួនដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញាជាដើម៕ អត្ថបទ៖ វណ្ណៈ