
កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រួលឱ្យកម្មករ ដែលមានពិការភាព នៅតាមរោងចក្រ សហគ្រាសនានា បានចេញពីធ្វើការមុនម៉ោង ដូចកម្មការិនីមានផ្ទៃពោះដែរ ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសំណេះសំណាលជាមួយកម្មករ-និយោជិត ដែលកំពុង បម្រើការងារនៅតាមរោងចក្រ សហគ្រាស នានា ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះ បាន រម្លឹកពីការយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនី ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់ពួកគេ នាពេលកន្លងមក និងពេលបច្ចុប្បន្ន ។
ជនមានពិការភាព ត្រូវបានការការពារដោយច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយមានគោលបំណង៖ ការពារសិទ្ធិ និងសេរីភាព ការពារផលប្រយោជន៍ជនពិការ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើង ស្តារកាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាព នៃជនពិការ ក្នុងសកម្មភាពនានារបស់សង្គម ៕អត្ថបទ៖ មុត សុទ្ធ