ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ បានទទួលពិភាក្សាការងារជាមួយ ឯកឧត្តម ថានី ប៊ិន អាម៉េដ អាល ហ្សេយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមនៅទីស្តីការក្រសួង ។ ក្នុងជំនួបនេះភាគីទាំងពីរបានលើកពីកិច្ចសហប្រតិបត្តិការអនុវត្តខ្លឹមអនុសារណៈជំរុញចលនាទេសចរ និងក្នុងវិនិយោគទុនក្នុងវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិបានបញ្ចប់ទៅ។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា បច្ចុប្បន្នកម្ពុជា មានតំណាងស្ថានទេសចរណ៍ប្រចាំនៅទីក្រុង ឌូបៃ ហើយគ្រប់អ្នកវិនិយោគ នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម គឺអាចអញ្ជើញទៅទំនាក់ទំនងតំណាងស្ថានទេសចរណ៍កម្ពុជា នោះ ដើម្បីសាកសួរព័ត៌មាន និងភ្ជាប់ការងារវិនិយោគពីអេមីរ៉ាត់អារ៉ាប់រួម មកកម្ពុជាកាន់តែច្រើនថែមទៀត។
នៅក្នុងជំនួបនេះឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ថ្លែងថា អេមីរ៉ាត់អារ៉ាប់រួម នឹងសម្របសម្រួលឲ្យល្អបំផុតក្នុងការជំរុញចលនាទេសចរ និងការវិនិយោគពី អេមីរ៉ាត់អារ៉ាប់រួម មកកម្ពុជា និងពីកម្ពុជាទៅអេមីរ៉ាត់អារ៉ាប់រួម ជាពិសេសជំរុញការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា អេមីរ៉ាត់អារ៉ាប់រួមឲ្យបានច្រើនថែមទៀត។
ក្រោយជំនួបនេះដែរ ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ក៏បានថ្លែងថា ៖ នៅពេលនេះ កម្ពុជា បាននិងកំពុងអនុវត្តច្បាប់លើកទឹកចិត្តច្រើនដល់បណ្តាអ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា និងផ្តល់ឱកាសល្អៗជាច្រើនក្នុងការវិនិយោគផងដែរ ។
នៅក្នុងជំនួបនេះដែរ ភាគីកម្ពុជា អេមីរ៉ាត់អារ៉ាប់រួម ក៏បានជំរុញធ្វើបច្ចុប្បន្នភាព ខ្លឹមសារអនុសារណៈការយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឲ្យបានច្រើនថែមទៀត ជាពិសេសគឺជំរុញការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរឲ្យបានច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា