ភ្នំពេញ ៖ ខណៈថ្ងៃទី ១១ខែឧសភានេះ វ៉ាក់សាំង Sinovac ចំនួន៥០ម៉ឺនដូស ដែលកម្ពុជា បានបញ្ជាទិញ បានមកដល់កម្ពុជា សម្រាប់ចាក់ជូនពលរដ្ឋជាបន្តបន្ទាប់ទៀតនោះ សម្រាប់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងនៅព្រឹកនេះ បានបង្ហាញនូវការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វះស្វែងរកវ៉ាក់សាំង ហើយពួកគាត់សង្ឃឹមថា ក្រោយពីប្រជាពលរដ្ឋកាន់តែច្រើនបានចាក់វ៉ាក់សាំងរួចរាល់ នោះស្ថានការណ៍ប្រទេសជាតិការរស់នៅប្រកបរបរចិញ្ចឹមជីវិត នឹងវិលទៅភាពល្អប្រសើរវិញ។
បច្ចុប្បន្ននេះ កម្ពុជាមានវត្តមានវ៉ាក់សាំងចំនួន ៣ប្រភេទ ដែលបាននឹងកំពុងចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងទាំង ៣ ប្រភេទនោះ រួមមាន វ៉ាក់សាំង Sinopharm វ៉ាក់សាំង Sinovac និងវ៉ាក់សាំង AstraZeneca Covishield។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពន្លឿនយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេស ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានករណីឆ្លងច្រើន។ ក្រោមកិច្ចខិតខំនេះ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញថា គិតមកត្រឹមថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២១នេះ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាពលរដ្ឋចំនួន ១ ៨២៥ ៤៨៨ នាក់ ស្របពេលដែលយុទ្ធនាការនៅតែបន្ត និងចំនួនវ៉ាក់សាំងបាននឹងកំពុងមកដល់ជាបន្តបន្ទាប់ទៀតផងដែរ៕
អត្ថបទ ៖ គឹមហុក