ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅថ្ងៃព្រហស្បតិ៍ (៨ មិថុនា)នេះ បានអំពាវនាវឱ្យមានកិច្ចសហការកាន់តែប្រសើរឡើងជាមួយប្រទេសជិតខាងខ្លួនគឺប្រទេសម៉ាឡេស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកហៅថា "ការរើសអើង" ប្រឆាំងនឹងផលិតផលប្រេងដូងរបស់ប្រទេសទាំងពីរ។

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជាប្រទេសផលិត និងនាំចេញប្រេងដូងច្រើនបំផុតទាំងពីររបស់ពិភពលោក ដែលជាផលិតផលប្រើក្នុងទំនិញប្រើប្រាស់គ្រប់មុខ។
លោក Jokowi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim នៅទីក្រុង Kuala Lumpur បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា "កិច្ចសហការប្រភេទនេះត្រូវតែពង្រឹង។ យើងមិនចង់ឱ្យទំនិញដែលផលិតដោយម៉ាឡេស៊ី និងឥណ្ឌូនេស៊ីត្រូវបានរើសអើងនៅក្នុងប្រទេសផ្សេងទៀតនោះទេ" ។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានអនុម័តច្បាប់នៅឆ្នាំនេះដែលហាមប្រាមការនាំចូលទំនិញទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ ដែលជាវិធានការមួយត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ការនាំចេញប្រេងដូងទៅកាន់ប្លុកនេះ។ ប្រទេសម៉ាឡេស៊ីបានហៅច្បាប់នេះថា "អយុត្តិធម៌" ហើយបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីពិចារណាលើការឆ្លើយតបដ៏សមស្របមួយចំពោះច្បាប់នេះ៕