ម៉ិកស៊ិក ៖ ក្រុមរដ្ឋអាជ្ញាម៉ិកស៊ិក កំពុងស៊ើបអង្កេតលើអ្វីដែលប្រធានាធិបតីប្រទេសមួយនេះ ចាត់ទុកថាជា ការប្រហារ ជីវិតមនុស្ស ក្រោយទាហានត្រូវបានគេថតជាប់សកម្មភាពវាយធ្វើបាប ហើយបន្ទាប់មកបាញ់ប្រហារបុរស ៥នាក់ ដែលពួកគេទាញចេញពីរថយន្តជួបគ្រោះថ្នាក់ ។
ការស៊ើបអង្កេតដែលប្រកាសឡើងដោយលោកប្រធានាធិបតី Andres Manuel Lopez Obrador ធ្វើឡើង បន្ទាប់ពីការចុះផ្សាយរបស់សារព័ត៌មានកាលពីថ្ងៃអង្គារ នូវវីដេអូដែលមានកាលបរិច្ឆេតថ្ងៃទី ១៨ ខែឧសភា នៅរដ្ឋ ភាគខាងជើង Tamaulipasឃើញទាហានរាប់សិបនាក់ ឡោមព័ទ្ធរថយន្តមួយគ្រឿងដែលបានបើកលឿនទៅបុកជញ្ជាំង ។
នៅក្នុងវីដេអូនេះ ឃើញទាហានទាញមនុស្ស ៥នាក់ចេញពីរថយន្ត រួចទាត់ធាក់ មុនពេលរុញពួកគេខ្ទប់ជញ្ជាំង ។ ទាហានម្នាក់ត្រូវបានគេមើលឃើញទាញកាំភ្លើងវែងចេញពីរថយន្ត ។ បន្ទាប់មកទាហានទំនងជារកកន្លែងការពារខ្លួន ហើយបាញ់ពីចម្ងាយតម្រង់គោលដៅដែលមើលមិនឃើញ មុនពេលបាញ់បុរសទាំងនោះ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានថា ទីតាំងនោះគឺជាទីក្រុង Nuevo Laredo រដ្ឋ Tamaulipas ប្រទេសម៉ិកស៊ិក ដោយសារតែលក្ខណៈភូមិសាស្រ្ត ប្លង់ផ្លូវ ដើមឈើ និងសំណង់អគារមើលឃើញនៅក្នុងវីដេអូ ដែលត្រូវបានផ្គូផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ៕

