ជប៉ុន ៖ ការតវ៉ាមួយត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធ នៅខាងមុខទីស្នាក់ការក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីទីក្រុងតូក្យូ(TEPCO) ដែលម្ចាស់រោងចក្រថាមពលនុយក្លេអ៊ែរមិនដំណើរការក្នុងទីក្រុង Fukushima កំពុងឈានទៅរកផែនការជាមួយរដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅមហាសមុទ្រ។
ក្រុមអ្នកតវ៉ាបាននិយាយថា ក្រុមហ៊ុន TEPCO កំពុងជំរុញឥតពិចារណានូវផែនការក្នុងពេលមានការប្រឆាំងពីអន្តរជាតិយ៉ាងខ្លាំងហើយសកម្មភាពនេះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមអ្នកជំនាញអនុវត្តន៍ក្នុងវិស័យជលផល ជាឧស្សាហកម្មសំខាន់មួយក្នុងចំណោមឧស្សាហកម្មជាច្រើនរបស់ប្រទេសនានា។
អ្នកតវ៉ានិយាយថា ពេលនេះយើងនិយាយអំពីទឹកមានសារធាតុពុលនុយក្លេអ៊ែរ ប៉ុន្តែរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន TEPCO មិនបាននិយាយថាវាជាទឹកមានសារធាតុពុលនុយក្លេអ៊ែរនោះទេ។ ពួកគេកំពុងចាត់ទុកវាជាទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចជាទឹកស្អាត និងបាននិយាយថាវានឹងពុំមានបញ្ហានោះទេបន្ទាប់ពីត្រូវបានធ្វើប្រព្រឹត្តិកម្មដោយបរិក្ខាបំបាត់អាតូមចម្រុះ ដែលជារឿងមិនសមហេតុផល។ ទឹកមានសារធាតុពុលនុយក្លេអ៊ែរ គឺពេញទៅដោយសារធាតុវិទ្យុសកម្ម។ តើអ្នកជំនាញវិស័យជលផលនឹងទទួលយកសេចក្តីថ្លែងការនេះដែឬទេ? នៅពេលមួយនោះខ្ញុំបានសួរក្រុមអ្នកនេសាទដោយផ្ទាល់។ ពួកគេបាននិយាយថា ពួកគេមានអាយុ៦០និង៧០ឆ្នាំ ប៉ុន្តែកូនៗរបស់ពួកគេមានបំណងក្លាយជាអ្នកនេសាទ ហើយពួកគេបានប្រឆាំងផែនការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរចូលទៅមហាសមុទ្រ។ ប្រសិនបើរឿងទាំងអស់នេះនៅបន្តបែបនេះ វាពិជាពុំអាចទៅរួចនោះទេដើម្បីការពារក្តីស្រមៃរបស់យុវជន។
អ្នកតវ៉ានិយាយថា ផែនការបញ្ចេញទឹកកខ្វក់ចូលទៅមហាសមុទ្រ នឹងបណ្តាលឲ្យមានផលប៉ះពាល់ពុំអាចត្រលប់វិញបាន ចំពោះប្រព័ន្ធអេកូឡូស៊ីសកល និងសុខភាពរបស់ប្រជាជន។

