
បុរីវ៉ាទីកង់ បានឲ្យដឹងថា សម្តេចប៉ាប ហ្វ្រង់ស៊ីស កំពុងមានព្រះរាជសុខភាពល្អប្រសើរ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា) នេះ បន្ទាប់ពីយប់ដំបូង ដែលព្រះអង្គទ្រង់សម្រាកនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីទទួលការវះកាត់ពោះរួចមក។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ បុរីវ៉ាទីកង់បានឲ្យដឹងថា «ពេលរាត្រីបានធ្វើដំណើរទៅយ៉ាងល្អប្រសើរ» ដោយបន្ថែមថាព័ត៌មានលម្អិតបន្ថែម នឹងត្រូវបានចេញផ្សាយនៅព្រឹកស្អែក។
សម្ដេចប៉ាប ហ្វ្រង់ស៊ីស ដែលមានព្រះជន្ម ៨៦ឆ្នាំ បានទទួលការវះកាត់រយៈពេល ៣ម៉ោង នៅក្នុងមន្ទីរពេទ្យ នាទីក្រុងរ៉ូម (Rome) កាលពីថ្ងៃពុធ ដើម្បីព្យាបាលជំងឺក្លន ដែលក្រុមគ្រូពេទ្យ បាននិយាយថា ទទួលបានជោគជ័យទាំងស្រុង ដែលនឹងមិនគួរមានការកំណត់អ្វីលើការធ្វើដំណើរ និងសកម្មភាពផ្សេងទៀតរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គបានជាសះស្បើយឡើងវិញ។
ប្រធានក្រុមសល្យពេទ្យ លោកវេជ្ជបណ្ឌិត Sergio Alfieri ដែលធ្វើការវះកាត់សម្តេចប៉ាប នៅឯមន្ទីរពេទ្យ Gemelli ក្នុងទីក្រុងរ៉ូម បាននិយាយថា សម្ដេចប៉ាប ហ្វ្រង់ស៊ីស មានការតបស្នងល្អ ចំពោះការប្រើថ្នាំសន្លប់ ហើយលោករំពឹងថា សម្តេចសង្ឃនឹងសម្រាកនៅក្នុងមន្ទីរពេទ្យប្រមាណជា ៥-៧ថ្ងៃ។
នេះគឺជាការយាងចូលមន្ទីរពេទ្យលើកទីបី សម្រាប់សម្ដេចប៉ាប ហ្វ្រង់ស៊ីល គិតចាប់តាំងពីឥស្សរជនកំពូលនៃព្រះវិហាររ៉ូម៉ាំងកាតូលិកបានជ្រើសរើសជនជាតិអាហ្សង់ទីនអង្គនេះ ក្នុងឆ្នាំ២០១៣ ឲ្យឡើងជាសម្តេចប៉ាប មកពីតំបន់អាមេរិកឡាទីនដំបូងគេ ហើយនេះគឺជាបញ្ហាសុខភាពបន្តបន្ទាប់ចុងក្រោយបង្អស់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
