
ឧទ្ធម្ភាគចក្រដែលជាជំនួយរបស់អង្គការសហប្រជាជាតិ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Hodeida ក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃពុធ ដោយបញ្ចប់ការសាកល្បង និងប្រតិបត្តិការសាកល្បងដោយជោគជ័យបន្ទាប់ពីការផ្អាករយៈពេលប្រាំបីឆ្នាំ ចាប់តាំងពីការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតមក។
ឧទ្ធម្ភាគចក្រដែលហោះចេញពីប្រទេស Djibouti (ជីប៊ូទី) បានចុះចតនៅអាកាសយានដ្ឋាន Hodeida ហើយត្រឡប់ទៅប្រទេស Djibouti វិញ បន្ទាប់ពីបានសាកល្បងការហោះហើរឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ និងការចុះចតនៅអាកាសយានដ្ឋាននោះ។
អាកាសយានដ្ឋានត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់តាមអាកាសកាលឆ្នាំ ២០១៥ នៅពេលដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចូលទៅក្នុងប្រទេសយ៉េម៉ែន ដើម្បីគាំទ្ររដ្ឋាភិបាលយ៉េម៉ែន បន្ទាប់ពីកងជីវពល Houthi គាំទ្រដោយអ៊ីរ៉ង់បានដណ្តើមកាន់កាប់ទីក្រុងភាគខាងជើងជាច្រើន និងបានបង្ខំរដ្ឋាភិបាលយ៉េម៉ែនដែលគាំទ្រ ដោយអារ៉ាប៊ីសាអូឌីត ចេញពីរដ្ឋធានីសាណាកាលឆ្នាំ២០១៤។
ដោយសារតែការខូចខាតយ៉ាងធ្ងន់ធ្ងរ និងដំណើរការខុសប្រក្រតីនៅក្នុងអាកាសយានដ្ឋាន បច្ចុប្បន្ននេះវាបំពេញបានតែលក្ខខណ្ឌបច្ចេកទេសសម្រាប់ការហោះឡើង និងចុះចតឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។
អាកាសយានដ្ឋាននេះ ត្រូវបានគេរំពឹងថានឹងចំណាយពេលយ៉ាងតិចប្រាំមួយខែ ឬរហូតដល់មួយឆ្នាំដើម្បីស្តារឡើងវិញតាមរយៈការជួសជុល និងបង្កើតឡើងវិញ មុនពេលវាអាចដំណើរការការហោះហើរ និងចុះចតយន្តហោះធម្មតាបាន៕
