
ក្រុមសាក្សីនិយាយថា អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងកាលពីថ្ងៃពុធ នៅជិតទីតាំងយោធាមានរោងចក្រផលិតអាវុធ ស្ថិតនៅភាគខាងត្បូងទីក្រុង Khartoum ដែលកងទ័ពស៊ូដង់ បានព្យាយាមការពារ នៅក្នុងសង្រ្គាមដ៏ខ្លាំងក្លាបំផុតអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ជាមួយគូប្រជែងប្រដាប់អាវុធរបស់ខ្លួន។
ក្រុមសាក្សីនិយាយថា កងកម្លាំងគាំទ្ររហ័ស (RSF) ដែលស្ថិតនៅក្នុងសប្តាហ៍ទី៨ នៃការដណ្តើមក្តោបក្តាប់អំណាចជាមួយកងទ័ពស៊ូដង់នោះ បានវាយប្រហារទៅលើទីតាំងមានការការពារយ៉ាងរឹងមាំ Yarmouk កាលពីថ្ងៃអង្គារ។
ក្រុមមួយនេះ បានបង្ហោះវីដេអូនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃពុធ ដោយពួកគេអះអាងថា ពួកគេដណ្តើមបានគ្រប់គ្រងឃ្លាំងស្តុកអាវុធ និងគ្រាប់រំសេវ ក៏ដូចជាច្រកចូលទៅកាន់ទីតាំងនោះជាច្រើនកន្លែងទៀត។
ក្រុមសាក្សីនិយាយថា កងទ័ពស៊ូដង់ បានប្រើប្រាស់ការវាយប្រហារតាមច្រកអាកាសដើម្បីរុញច្រានការមកដល់របស់កងកម្លាំង RSF។ ប្រជាពលរដ្ឋមួយរូបដែលរស់នៅជិតដឺប៉ូនោះ និយាយថា អគ្គិភ័យ ដែលបានឆាបឆេះភ្លាមៗនៅពេលព្រឹក បានរីកកាន់តែធំមុនពេលថ្ងៃលិចថ្ងៃពុធ ស្របពេលសំឡេងផ្ទុះគ្រាប់នៅតែកើតមាន៕
