
ក្រុមកីឡាករចំបាប់ឈានមុខមួយចំនួនរបស់ឥណ្ឌា បានសម្រេចផ្អាកការតវ៉ារបស់ពួកគេកាលពីថ្ងៃពុធ (៧ មិថុនា) បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកីឡារបស់ប្រទេសនេះ បានសន្យាថា នឹងបើកការស៊ើបអង្កេតលើប្រធានសហព័ន្ធដែលត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទអត្តពលិកស្ត្រីជាច្រើននាក់។
ក្រុមកីឡាករចំបាប់ បានបោះជំរំក្នុងទីក្រុង New Delhi តាំងពីខែមេសា ដើម្បីទាមទារឲ្យចាប់ខ្លួនប្រធានសហព័ន្ធកីឡាចំបាប់ឥណ្ឌា (WFI) លោក Brij Bhushan Sharan Singh ដែលបានបដិសេធការចោទប្រកាន់នេះ។
កាលពីខែមុន ទីតាំងតវ៉ាត្រូវបានបោសសម្អាត ហើយកីឡាករចំបាប់ជាច្រើននាក់ត្រូវបានឃុំខ្លួនមួយរយៈពេលខ្លី ខណៈពួកគេបានបន្តទាមទារឲ្យមានចំណាត់ការប្រឆាំងនឹងលោក Singh ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពល និងជាសមាជិកសភាសហព័ន្ធផងដែរ។
លោក Singh ដែលជាមេដឹកនាំមកពីគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi និងសមាជិកសភាប្រាំមួយអាណត្តិរូបនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើអត្តពលិកស្រីចំនួនប្រាំពីររូប រួមទាំងអនីតិជនផងដែរ។ មេធាវីរបស់លោកបានច្រានចោលរាល់ការចោទប្រកាន់ដែលធ្វើឡើងដោយក្រុមកីឡាករចំបាប់ ហើយបាននិយាយថាលោក Singh កំពុងសហការជាមួយនគរបាលក្នុងការស៊ើបអង្កេត។
លោក Thakur រដ្ឋមន្ត្រីក្រសួងកីឡា ដែលជាសមាជិកនៃគណបក្សកាន់អំណាចរបស់លោក Modi បាននិយាយថា នគរបាលនឹងដាក់ពាក្យបណ្តឹងនៅថ្ងៃទី ១៥ ខែមិថុនា ហើយបន្ថែមថាក្រុមកីឡាករចំបាប់ត្រូវធានាថា ពួកគេនឹងមិនបន្តធ្វើបាតុកម្មរហូតដល់ពេលនោះ៕