ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញប្រជុំដើម្បីកំណត់ទីតាំង នៃការបង្រួមតំបន់បិទខ្ទប់ ឱ្យមកនៅរួមតូច ដើម្បីកាត់បន្ថយការលំបាកជូនប្រជាពលរដ្ឋ នៅថ្ងៃ១២ ឧសភាខាងមុខនេះ។
ក្នុងកិច្ចប្រជុំតាមវីដេអូបន្តផ្ទាល់នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីពិនិត្យ ពិភាក្សា និងកំណត់ទីតាំងឱ្យបានច្បាស់លាស់ មុនការសម្រេចដាក់តំបន់ដែលត្រូវបង្រួមការបិទខ្ទប់ឱ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នាថ្ងៃ១២ ខែឧសភា ខាងមុខនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឱ្យមានករណីប្រជាពលរដ្ឋនៅតំបន់លឿង ចូលទៅតំបន់លឿងទុំ និងតំបន់ក្រហមជាដាច់ខាត ដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះមក នៅរួមតូច ដូច្នេះអាជ្ញាធរត្រូវសិក្សាកំណត់ឱ្យបានច្បាស់ មុននៃការកំណត់ពណ៌តំបន់នីមួយៗ ឱ្យនៅរួមតូចនេះ។
ក្នុងកិច្ចប្រជុំនោះ គ្រប់ខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពនៃការគ្រប់គ្រងកូវីដ-១៩នៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ដោយតំបន់ខ្លះដែលធ្លាប់ជាតំបន់ក្រហម និង តំបន់លឿងទុំ បានស្នើឱ្យប្រែក្លាយមកជាតំបន់លឿង ដោយតំបន់នោះមិនមានការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត ។តំបន់ខ្លះទៀតសូមឱ្យនៅរក្សាជាតំបន់ក្រហម ឬ តំបន់លឿងទុំដដែល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងតំបន់មួយចំនួន មិនត្រូវបានបិទខ្ទប់ ភូមិ សង្កាត់នោះទេ គឺគ្រាន់តែបិទខ្ទប់ផ្ទះ ឬទីតាំងដែលមានវិជ្ជមានកូវីដ-១៩តែប៉ុណ្ណោះ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា