
ប្រព័ន្ធវេជ្ជសាស្រ្ដ កំពុងឈានទៅរកការដួលរលំ នៅក្នុងតំបន់រដ្ឋធានីធំៗនៃប្រទេសស៊ូដង់ ខណៈដែល ៧០ភាគរយនៃស្ថាប័នវេជ្ជសាស្រ្ត នៅទីនោះ ត្រូវបានបិទដោយសារតែការប្រយុទ្ធគ្នា និងការរំខានដ៏ខ្លាំងក្លា ដែលបណ្តាលឲ្យខ្វះខាតធនធានវេជ្ជសាស្រ្ត និងភាពបន្ទាន់សម្រាប់ជំនួយមនុស្សធម៌។
តំបន់រដ្ឋធានីធំៗរបស់ស៊ូដង់ រួមមានក្រុងខាទូម (Khartoum) អ៊ុដឺមែន (Omdurman) និងខាទូមខាងជើង (Khartoum North)។ ហើយមន្ទីរពេទ្យដែលនៅតែជួបការលំបាក កំពុងប្រឈមមុខនឹងកង្វះខាត និងកង្វះថាមពល ប្រេងឥន្ធនៈ ឱសថ និងបុគ្គលិកជំនាញ។
យោងតាមមន្ត្រីដែលធ្វើការឲ្យមន្ទីរពេទ្យចុងក្រោយ ដែលនៅតែដំណើរការនៅក្រុងអ៊ុដឺមែន (Omdurman) បានឲ្យដឹងថា ពួកគេពឹងផ្អែកជាចម្បងលើម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនរបស់ពួកគេ ខណៈទីក្រុងផ្តល់ថាមពល និងការផ្គត់ផ្គង់ទឹកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
លោក Ahmed Zait ដែលជាមន្ត្រីនៃមន្ទីរពេទ្យសកលវិទ្យាល័យ AlNau បាននិយាយថា ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដូចជាថ្នាំអង់ទីប៊ីយ៉ូទិច និងថ្នាំបំបាត់ការឈឺចាប់ បានអស់ ឬជិតអស់ទៅហើយ ដោយបង្ខំឲ្យពួកគេចាំបាច់ត្រូវផ្អាកសេវាកម្មមួយចំនួន ដូចជាសម្ភព និងសង្គ្រោះបន្ទាន់ដល់ទារកជាដើម។
ម្យ៉ាងវិញទៀត អ្នកជំងឺមិនត្រឹមតែស៊ូប្រឈមនឹងគ្រោះថ្នាក់ផ្នែកសន្តិសុខ ពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងការខ្វះខាតថ្នាំ និងការព្យាបាល បើទោះបីជាពួកគេទៅដល់មន្ទីរពេទ្យហើយក៏ដោយ៕
