អាមេរិក៖ យោងតាមប្រភពមួយស្និទ្ធនឹងបញ្ហានេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យសហព័ន្ធចំពោះការថែរក្សាឯកសារសម្ងាត់របស់រដ្ឋាភិបាល និងរារាំងដំណើរការការងារស្វែងរកយុត្តិធម៌។

សំណុំរឿងព្រហ្មទណ្ឌដែលនាំមកដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នឹងក្លាយជាបន្ទុកផ្លូវច្បាប់មួយទៀតសម្រាប់លោក Trump ខណៈលោកចង់ទទួលបានតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកឡើងវិញនៅឆ្នាំក្រោយ។ លោកប្រឈមនឹងសំណុំរឿងព្រហ្មទណ្ឌនៅទីក្រុង New York រួចទៅហើយ ដែលគ្រោងជំនុំជម្រះទោសកាលពីខែមីនា កន្លងទៅ។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth របស់លោកថា រដ្ឋបាលពុករលួយរបស់លោក Biden បានផ្ដល់ដំណឹងឲ្យក្រុមមេធាវីរបស់លោកថា លោកត្រូវបានចោទប្រកាន់ ដែលទំនងពាក់ព័ន្ធនឹងការមួលបង្កាច់ការពិត ។
លោក Trump បានសរសេរថា លោកត្រូវបានអញ្ជើញឲ្យបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងទីក្រុង Miami កាលីថ្ងៃអង្គារសប្ដាហ៍នេះ ។

ក្រុមមេធាវីរបស់លោក Trump ពុំបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ ។ អ្នកនាំពាក្យមួយរូបរបស់រដ្ឋអាជ្ញាពិសេសលោក Jack Smith ជាមន្ត្រីក្រសួងយុត្តិធម៌ដែលកំពុងទទួលខុសត្រូវការស៊ើបអង្កេតករណីនេះ ក៏បានបដិសេធមិនផ្ដល់ការអត្ថាធិប្បាយដែរ។
ប្រភពខាងលើដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក Trump ប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌចំនួន៧ករណី ។ សារព័ត៌មាន Reuters មិនអាចដឹងច្បាស់ភ្លាមៗទេ ថា តើលោក Trump ប្រឈមនឹងបទចោទប្រកាន់អ្វីខ្លះនោះ ៕