
កំពង់ឆ្នាំង៖ នៅចំពោះមុខកម្មករ-កម្មការិនី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអះអាងថា រហូតមកដល់ពេលនេះមិនទាន់មានបងប្អូនកម្មករ-កម្មការិនីណាម្នាក់រងគ្រោះដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះ EBA និងប្រព័ន្ធ GSP របស់សហរដ្ឋអាមេរិកនោះទេ ហើយរោងចក្រក៏នៅតែ បន្តដំណើរការជានិច្ច មិនដូចការលើកឡើងរបស់ក្រុមអគតិមួយចំនួននោះឡើយ។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមផ្តាំទៅបុគ្គលម្នាក់ដែលនិយាយថា សម្តេចមិនហ៊ានជួបជាមួយបងប្អូនកម្មករ-កម្មការិនី ដោយសារតែខ្លាចកម្មករស្រែករឿងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ប្រព័ន្ធអនុគ្រោះពន្ធ EBA វាគង់តែបាត់នោះទេ បើតាមការអះអាងរបស់សម្តេចឆ្នាំ២០២៧ ប្រព័ន្ធអនុគ្រោះEBA នេះវានឹងបាត់បង់ហើយ ប៉ុន្តែបើទោះបីជាបាត់បង់ក៏វាមិនមានបញ្ហាអ្វីដែរ ដោយកម្ពុជា ត្រូវខិតខំប្រឹងប្រឹងដោយខ្លួនឯង ហើយត្រូវកាត់បន្ថយការពឹងពាក់បរទេស៕អត្ថបទ៖ បាន ចក់






