ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅសប្តាហ៍នេះ បានចូលធ្វើអន្តរាគមន៍ សម្រាប់ការប្រណាំងប្រជែងគ្នាដ៏ខ្លាំងក្លា ដើម្បីស្នងតំណែងបន្តពីរូបលោក ដោយអ្នកខាងក្នុងគណបក្ស បាននិយាយថា លោកមានគោលបំណងការពារការបែកបាក់ដែលអាចនឹងកើតមាន និងការពារមូលដ្ឋានអំណាចនយោបាយ ដែលលោកបានសាងឡើង។

រដ្ឋមន្ត្រីការបរទេស លោក Marcelo Ebrard បានដាក់សម្ពាធអស់ជាច្រើនខែ ក្នុងការឲ្យគូប្រជែងដែលមានបំណងចង់បានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សចលនាសង្គ្រោះជាតិ (MORENA) ដែលកំពុងកាន់អំណាច លាលែងពីតំណែងសិន មុននឹងធ្វើយុទ្ធនាការ ហើយយោងតាមប្រភពពីគណបក្សចំនួនបីដែលដឹងពីរឿងរ៉ាវនេះ បានឲ្យដឹងថា នៅទីបំផុត លោក Lopez Obrador នៅសប្ដាហ៍នេះ បានស្របនឹងគំនិតនោះ។
ប្រភពបាននិយាយថា នៅឯកន្លែងអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំគណបក្ស នៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Lopez Obrador បានស្នើឲ្យគូប្រជែងរបស់គណបក្ស MORENA លាលែងពីតំណែង ដើម្បីធានាបាននូវសមរភូមិប្រកួតប្រជែងស្មើភាព ហើយថា គណបក្ស នៅចុងសប្តាហ៍នេះ សម្រេចនូវច្បាប់សម្រាប់ដំណើរការជ្រើសរើស។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពេលត្រូវបានសួរពីអ្វីដែលត្រូវបានពិភាក្សា នៅឯអាហារពេលល្ងាចរបស់គណបក្ស MORENA នោះ លោក Lopez Obrador បានឆ្លើយថា៖ «យើងបាននិយាយអំពីតម្រូវការ ដើម្បីបន្តរក្សាការរួបរួម ដើម្បីធានាឲ្យមានការផ្លាស់ប្តូរ សម្រាប់ប្រទេសម៉ិកស៊ិក»។
គណបក្សចលនាសង្គ្រោះជាតិ (MORENA) ត្រូវបានគេរំពឹងថា នឹងជ្រើសរើសបេក្ខភាពឆាប់ៗ នៅក្នុងខែកញ្ញា។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសម៉ិកស៊ិក គឺនៅខែមិថុនា ឆ្នាំ២០២៤៕