
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជនបង់រំលស់ប្រាក់យឺតយ៉ាវ ខណៈសម្ដេច ក៏បានណែនាំឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាសហការគ្នារៀបចំឡើងវិញ នូវនីតិវិធីសម្រាប់ការឥណទានបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ទៀត នៅតាមបណ្ដារោងចក្រសហគ្រាសចំនួន ១១ នៅក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយមួយចំនួន ក៏កំពុងរៀបចំឡើងវិញ លើគណនេយ្យបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋរាប់សែនគណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេច ត្រូវរៀបចំបញ្ជីពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ាវនាពេលកន្លងទៅ ដើម្បីអាចស្វែងរកដំណោះស្រាយលើបញ្ហាជូនប្រជាពលរដ្ឋបាន៕
អត្ថបទ៖វ៉ន ដារ៉ា