
កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ជាមធ្យមប្រជាពលរដ្ឋខ្មែរ ទទួលមរណភាព ក្នុងអាយុកាល ៧៦ឆ្នាំ និងជំរុញទៅកូនចៅ ត្រូវខិតខំថែទាំជីដូនជីតា និងឪពុកម្ដាយចាស់ៗ ឲ្យបានល្អប្រសើរ ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់កម្ពុជា ការបង្កកំណើតច្រើនមិនញ្ហានោះទេ ប៉ុន្តែអ្វីជាការព្រួយបារម្ភ គឺមិនមានការបង្កកំណើតបន្ថែម ដែលធ្វើឲ្យមានវិបត្តិទៅថ្ងៃក្រោយ ដោយប្រទេសខ្លះ កំណើនប្រជាពលរដ្ឋទាបពេក ធ្វើឲ្យពេលក្រោយទៅប្រមាណ ៥០ឆ្នាំទៀត ជួបវិបត្តិដោយសារមនុស្សចាស់ច្រើន ហើយមនុស្សក្មេងតិចជាង ។
សម្ដេចតេជោ បានបន្តថា កម្ពុជាកាលពីមុនជាមធ្យម អត្រាពលរដ្ឋរស់បានត្រឹមជាង៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នជាមធ្យម អត្រាមរណភាពក្នុងអាយុកាល៧៦ឆ្នាំ ដែលនេះបង្ហាញថា អាយុពលរដ្ឋកាន់តែវែង ហើយយើងត្រូវទទួលបន្ទុកថែទាំពួកគាត់ ។
គួរបញ្ជាក់ថា កម្ពុជាពុំមានច្បាប់កំណត់ឲ្យប្រជាពលរដ្ឋ យកកូនចំនួនប៉ុណ្ណេះប៉ុណ្ណោះនោះទេ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំង លើការងារអត្រាបង្កនូវកំណើតរបស់ប្រជាពលរដ្ឋ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ការផ្ដល់នូវបណ្ណសមធម៌ផ្សេងៗ និងការចាក់វ៉ាក់សាំងបង្ការជំងឺជាច្រើនមុខ ដោយឥតគិតថ្លៃជាដើម ៕
អត្ថបទ បាន សុខរិទ្ធិ