
កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់កម្មការកម្មការិនី និងម្ចាស់រោងចក្រសហគ្រាសទាំងអស់ ចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល ពីព្រោះតម្លៃនៃសន្ដិភាពមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងចង់បាន ប៉ុន្ដែមិនអាចរកសន្ដិភាពបានឡើយ ហើយកំពុងរងគ្រោះដោយសារសង្គ្រាម បង្ហូរឈាម ក្នុងនោះមានប្រជាពលរដ្ឋជាច្រើនកំពុងរងគ្រោះរហូតដល់ស្លាប់ និងកុមារកំព្រាជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ទៀត នៅតាមបណ្ដារោងចក្រសហគ្រាសចំនួន ១១ នៅក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងឪពុកម្ដាយកម្មករកម្មការិនីទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា និងចូលរួមលុបបំបាត់សង្គ្រាមចេញពីប្រទេសកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
សូមជាម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដ ដូចជានយោបាយ ឈ្នះ ឈ្នះ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា និងបានអនុវត្តយុទ្ធសាស្រ្ដចតុកោណដោយជោគជ័យដឹកនាំប្រទេសកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មី មានការអភិវឌ្ឍលើគ្រប់វិស័យ គួរជាទីមោទនៈបំផុត៕ អត្ថបទ វ៉ន ដារ៉ា