
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យគណបក្សខ្លះជាពិសេសគណបក្សប្រឆាំង ដែលតែងតែរិះគន់ដល់រាជរដ្ឋាភិបាលជារឿយៗថា បានបញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឲ្យទៅធ្វើការនៅស្រុកគេ ប៉ុន្តែពួកក្រុមទាំងនោះ បែជានាំគ្នាទៅរៃអង្គាស់លុយពីបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅទីនោះទៅវិញ ជាក់ស្តែងដូចជានៅប្រទេសកូរ៉េជាដើម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកខ្លះនិយាយពីដៀល រាជរដ្ឋាភិបាលថា បញ្ជូនពលរដ្ឋខ្លួនឲ្យទៅខ្ញុំគេ តែខ្លួនបែជាទៅយកលុយពីអ្នកដែលកំពុងធ្វើខ្ញុំគេនោះទៅវិញ។ តែទោះជាយ៉ាងណាក៏ដោយពេលនេះបងប្អូនដែលកំពុងនៅក្រៅប្រទេសគេនោះ ពួកគាត់លែងចាញ់បោកពួកខ្លួនតទៅទៀតហើយ បើទោះបីជាខិតខំច្រៀង និងនិយាយយ៉ាងណាក៏ដោយនោះ។
ការថ្លែងរបស់សម្តេចនេះគឺបានធ្វើឡើង ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទ៖ បានចក់