អូឡាំពិក៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បានប្រកាសលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសម្ចាស់ផ្ទះអូឡាំពិកមួយនេះ មានការកើនឡើងខ្លាំងនៃករណីឆ្លងមេរោគ Covid-19 នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការអូឡាំពិកប្រទេសជប៉ុន អោយដឹងនៅថ្ងៃចន្ទម្សិលមិញ។
លោក Thomas Bach មានគំរោងទៅកាន់ទីក្រុង Hiroshima នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីជួបជាមួយអ្នករត់កាន់គប់ភ្លើងអូឡាំពិក មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ។ យ៉ាងណាក្តីដំណើរទស្សនកិច្ចនេះមិនអាចធ្វើទៅបានឡើយ ដោយសារតែជប៉ុនបានពន្យារនៃការដាក់ប្រទេសក្នុងគ្រាអាសន្នដល់ថ្ងៃទី៣១ ខែឧសភា។ តាមពិតទៅការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ជប៉ុនបញ្ចប់នៅថ្ងៃអង្គារនេះ។
ការលុបចោមដំណើរទស្សនកិច្ចនេះដែរ គឺជារឿងរសើបមួយសំរាប់ IOC និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ ខណៈការប្រកួតអូឡាំពិករដូវក្តៅ នឹងមកដល់ក្នុងរយៈពេលតែ ១០សប្ដាហ៍ទៀតប៉ុណ្ណោះ ដែលទាំងអស់នេះក៏បានក្លាយជារឿងឈឺក្បាល និងមន្ទិលថា អូឡាំពិកទីក្រុងតូក្យូពិតជាអាចដំណើរការទៅបាន រឺយ៉ាងណាក្រោមពាក្យថា ជាព្រឹត្តិការណ៍ដែលមានសុវត្ថិភាពមួយនោះ។ មកដល់ពេលនេះជប៉ុនមានអ្នកស្លាប់ដោយជំងឺ Covid-19 ប្រមាណ ១១០០០នាក់ហើយ ស្របពេលមេរោគបម្លែងខ្លួនថ្មីក៏ត្រូវបានគេរាយការណ៍ថា មានវត្តមាននៅលើទឹកដីជប៉ុនផងដែរ៕
អត្ថបទ៖នាង សុភាវុធ