អ៊ុយក្រែន៖ ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសុខភាពពិភពលោក បានប្រញ៉ាប់ប្រញ៉ាល់ផ្គត់ផ្គង់បន្ទាន់ដល់តំបន់នានារបស់អ៊ុយក្រែនដែលទទួលរងដោយទឹកជំនន់ និងកំពុងត្រៀមឆ្លើយតបដើម្បីរៀបចំសម្រាប់ហានីភ័យសុខភាព រួមទាំងការរងរបួស ការលង់ទឹក និងជំងឺកើតឡើងដោយសារទឹក ដូចជាជំងឺអាសន្នរោគជាដើម។

ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដាក់កំហុសគ្នាទៅវិញទៅមក សម្រាប់ការទម្លាយទំនប់ទឹកវារីអគ្គិសនី Kakhovka សម័យសូវៀត ដែលបានបញ្ជូនទឹកហូរចូលនៅទូទាំងតំបន់សង្គ្រាម នៅប្រទេសអ៊ុយក្រែនភាគខាងត្បូង កាលពីព្រឹកថ្ងៃអង្គារ ដោយបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ផលប៉ះពាល់នៃប្រព័ន្ធអនាម័យផ្គត់ផ្គង់ទឹករបស់តំបន់និងសេវាសុខភាពសាធារណៈពុំអាចមើលស្រាលបាននោះទេ។
អង្គការសុខភាពពិភពលោក បានប្រញាប់ប្រញាល់ក្នុងការគាំទ្រដល់អាជ្ញាធរ និងបុគ្គលិកថែទាំសុខភាពក្នុងវិធានការបង្ការប្រឆាំងជំងឺកើតឡើងដោយសារទឹក និងធ្វើឲ្យប្រសើរឡើងការពិនិត្យថែទាំជំងឺ។
នៅពេលត្រូវបានសួរយ៉ាងច្បាស់លាស់អំពីជំងឺអាសន្នរោគ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក លោកស្រី Teresa Zakaria បាននិយាយថា ហានីភ័យនៃការផ្ទុះឡើងជំងឺនេះមានវត្តមានដោយសារ បាក់តេរីកើតមានក្នុបរិស្ថាន។ លោកស្រីនិយាយថា អង្គការសុខភាពពិភពលោក កំពុងធ្វើការជាមួយក្រសួងសុខាភិបាលអ៊ុយក្រែនដើម្បីដាក់យន្តការនៅនឹងកន្លែងដើម្បីធានាបានថា វ៉ាក់សាំងអាចត្រូវបាននាំចូលប្រសិនបើត្រូវការ៕