អារ៉ាប់៖ នគរបាលកំពុងធ្វើការស៊ើបអង្កេតករណីសម្លាប់បុរស៥នាក់ ក្នុងការបាញ់ប្រហារមួយទាក់ទងនិងឧក្រិដ្ឋកម្មបណ្តាលឲ្យមានមនុស្សស្លាប់ច្រើននៅអ៊ីស្រាអែល ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយបានថ្កោលទោសករណីនេះ ជាសកម្មភាពដ៏ឃោរឃៅ។

នគរបាលនិយាយថា ឃាតកម្មបានកើតឡើងនៅជាយក្រុងនៃទីក្រុង Nazareth ភាគខាងជើង។ នគរបាលអ៊ីស្រាអែល និយាយថា ពួកគេបានបញ្ជូនកងកម្លាំងដ៏ច្រើនទៅកាន់តំបន់នោះ ហើយកំពុងស្វែងរកជនសង្ស័យ ដោយបានបញ្ជាក់ថា ឧបទ្ទវហេតុនេះជាបទឧក្រិដ្ឋ។ ឧបទ្ទវហេតុអំពើហិង្សានៃឧក្រិដ្ឋកម្មបណ្តាលឲ្យមានមនុស្សស្លាប់ និងជាពិសេសអំពើហិង្សាដោយអាវុធ នៅក្នុងសហគមន៍អារ៉ាប់ នៅទូទាំងប្រទេសអ៊ីស្រាអែលដែលមានច្រើនជាងកម្រិតមធ្យមនៃកម្រិតទូទាំងប្រទេស។ អ្នកនាំពាក្យនគរបាល លោក Waseem Bader បាននិយាយថា នេះគឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅ ហើយយើងកំពុងធ្វើការអស់ពីសមត្ថភាព ដែលស្ថិតក្នុងដែនអំណាចរបស់យើង ដើម្បីនាំយកឧក្រិដ្ឋជនមកកាត់ទោស។

យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់អ៊ីស្រាអែល បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារដាច់ដោយឡែកមួយ នៅជាយក្រុង Nazareth ដែលបានធ្វើឲ្យរងរបួសធ្ងន់ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ និងបុរសអាយុ៣០ឆ្នាំម្នាក់។
យោងតាមអង្គការ Abraham Initiatives ជាអង្គការតាមដានការកើនឡើងអំពើហិង្សាក្នុងសហគមន៍អារ៉ាប់ បានឲ្យដឹងថា ពលរដ្ឋអារ៉ាប់៩៧នាក់ ត្រូវបានសម្លាប់ដោយសារតែអំពើហិង្សាឧក្រិដ្ឋកម្ម ក្នុងឆ្នាំ២០២៣នេះ។ ក្នុងចំណោម៩៧នាក់នេះ ៨៦នាក់ត្រូវបានបាញ់សម្លាប់ ហើយ៤២នាក់ មានអាយុក្រោម៣០ឆ្នាំ។