ប៉ាគីស្ថាន៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយថា លោក Imran Khan ត្រូវបានធានាឲ្យនៅក្រៅឃុំកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនា ពីតុលាការជាន់ខ្ពស់ទីក្រុងអ៊ីស្លាម៉ាបាត ជុំវិញបទចោទប្រកាន់ករណីឃាតកម្មថ្មី ដែលមានន័យថា លោកពុំអាចត្រូវបានគេឃាត់ខ្លួនសាជាថ្មីនោះទេ នៅក្នុងការជាប់ទាក់ទង់ជាមួយបទចោទប្រកាន់ទាំងឡាយសម្រាប់រយៈពេល១៤ថ្ងៃបន្ទាប់។ លោក Khan ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែឧសភា ហើយត្រូវបានឃុំខ្លួនរយៈពេល៣ថ្ងៃ ដែលបង្កឲ្យមានការតវ៉ាហិង្សាដោយក្រុមអ្នកគាំទ្ររបស់លោក។ នៅពេលនេះ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្នុងករណីព្រហ្មទណ្ឌជាបន្តបន្ទាប់។

មេធាវីរបស់លោក គឺលោក Gohar Khan បាននិយាយថា លោកបានធ្វើដំណើរទៅកាន់រដ្ឋធានីពីទីក្រុងកំណើតLahoreរបស់លោក ដើម្បីស្វែងរកការនៅក្រៅឃុំ ក្នុងករណីឃាតកម្ម និងបន្ថែមពេលការនៅក្រៅឃុំរបស់លោកក្នុងបទចោទរាប់សិបករណីផ្សេងទៀត ដើម្បីបញ្ចៀសការចាប់ខ្លួនជាថ្មី។ មេធាវីរបស់លោក ម្នាក់ទៀតលោក Naeem Haider បាននិយាយថា លោកបានទទួលការអនុញ្ញាតឲ្យនៅក្រៅឃុំ ក្នុងគ្រប់ករណីផ្សេងៗទៀតទាំងអស់ ដែលលោកបានស្នើសុំ។

ការចាប់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភារបស់លោក Khan លើបទចោទប្រកាន់អំពើពុករលួយ ដែលលោក បានបដិសេធនោះ បានបង្កការតវ៉ាដោយក្រុមអ្នកគាំទ្ររបស់លោក ដែលបានរើកកាយទីតាំងយោធា ដែលបង្កើនការព្រួយបារម្ភថ្មីអំពីស្ថិរភាពរបស់ប្រទេសមានអាវុធនុយក្លេអ៊ែរ ដែលមានប្រជាជន២២០លាននាក់នេះ ខណៈប្រទេសកំពុងព្យាយាមក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
កាលពីថ្ងៃពុធ នគរបាល បានដាក់លោកក្នុងការជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្មលើមេធាវីម្នាក់ ដែលស្វែងរកការចោទប្រកាន់ពីបទញុះញង់ឲ្យមានការប៉ះបោរប្រឆាំងនឹងរូបលោក៕