អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត General Motors (GM) នឹងចូលរួមជាមួយក្រុមហ៊ុន Ford ក្នុងការព្រមទទួលយកខ្សែសាកអគ្គិសនីស្តង់ដាររបស់ក្រុមហ៊ុន Tesla នៅអាមេរិកខាងជើង ហើយអនុញ្ញាតឲ្យអ្នកទិញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GM អាចប្រើប្រាស់បណ្តាញសាកអគ្គិសនីដ៏លឿន (Supercharger)របស់ក្រុមហ៊ុន Tesla ក្រោមកិច្ចព្រមព្រៀងដែលបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា)។

ការសម្រេចរបស់ក្រុមហ៊ុន GM ដែលដើរតាមនឹងការសម្រេចស្រដៀងគ្នារបស់ក្រុមហ៊ុន Ford ក្នុងការទទួលយកខ្សែសាកអគ្គិសនីស្តង់ដាររបស់ក្រុមហ៊ុន Tesla មានន័យថា ក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនី (EV) ឈានមុខទាំងបី នៅក្នុងទីផ្សារអាមេរិកខាងជើង ឥឡូវនេះ បានយល់ព្រមប្រើប្រាស់ឧបករណ៍សាកអគ្គសនីស្ដង់ដារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដោយនាយកប្រតិបត្តិក្រុមហ៊ុន GM លោកស្រី Mary Barra និងប្រធានក្រុមហ៊ុន Tesla លោក Elon Musk នៅក្នុងព្រឹត្តិការណ៍ Twitter Spaces។

ក្រុមវិនិយោគិនអបអរសាទរចំពោះការមានកិច្ចព្រមព្រៀងនេះ និងការរំពឹងទុកពីការទទួលបានឧបករណ៍សាកអគ្គិសនីស្តង់ដារ សម្រាប់ទីផ្សារអាមេរិកខាងជើង។ ភាគហ៊ុនរបស់ក្រុមហ៊ុន GM បានឡើងជាង ៤ភាគរយ បន្ទាប់ពីមានការប្រកាសនេះ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានឡើង ៤ភាគរយ។ ក្រុមហ៊ុន Tesla, GM និង Ford រួមគ្នាមានចំនួនប្រហែល ៧០ភាគរយនៃការលក់រថយន្តអគ្គិសនី (EV) នាពេលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក៕