ភ្នំពេញ៖ នៅក្រសួងបរិស្ថាន ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពិភាក្សាការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ។
ក្រោយពេលមានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាលពីរាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើសការទន្ទ្រានដីរដ្ឋ ថ្លែងសារតាមរយៈប្រព័ន្ធតេឡេក្រាមថា ត្រូវតែអនុវត្តន៍ដោយម៉ឺងម៉ាត់ជាទីបំផុត ចំពោះអ្នកកាប់ទន្ទ្រានដីរដ្ឋ ហើយមិនត្រូវលើកលែង ក្រោមហេតុផលប៉ះពាល់សម្លេងឆ្នោតនោះទេ ទោះបីជាការបោះឆ្នោតជិតឈានចូលមកដល់ក៏ដោយ។ មិនអត់ឱនឲ្យជនឈ្លៀតឱកាស ក្នុងអំឡុងមុនពេលបោះឆ្នោត ដែលតែងតែធ្វើសកម្មភាពទន្ទ្រានដីរបស់រដ្ឋ។ ដូច្នេះថ្ងៃនេះ បានបើកកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយសហរដ្ឋមន្រ្តី (រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្រ្តីក្រសួងធនធានទឹក និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមកពីអន្តរក្រសួងពាក់ព័ន្ធ និងគណៈអភិបាលខេត្ត ដើម្បីយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការពិភាក្សាពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើនេះ។
សូមរំលឹកឡើងវិញថា សារពិសេសតាមរយៈតេលេក្រាម នៅរាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីចាប់យកមេខ្លោងទាំងឡាយ ដែលបំពានច្បាប់ ទន្ទ្រានព្រៃយកដីរដ្ឋ ទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ខណៈរឿងនេះមិនអាចលើកលែង និងយោគយល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នេះទេ ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើកិច្ចការនេះដើម្បីការពារនូវធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋជា។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា យើងមិនអាចយោគយល់ចំពោះសកម្មភាពណាដែលល្មើសច្បាប់នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ហើយក៏សូមអំពាវនាវអ្នកមានអំណាច និងមានប្រាក់ដែលឈរពីក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខិលខូច ដើម្បីទៅទន្រ្ទានយកដីរដ្ឋ ឲ្យដកខ្លួនចេញជាបន្ទាន់ ប្រសិនបើមានការស្រាវជ្រាវរកឃើញថាមានពាក់ព័ន្ធជាប់ជាមួយនឹងមន្រ្តីណា ឬអ្នកមានប្រាក់ណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីខាងក្រោយខ្នងនោះផងដែរ។
ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្តម លោកជំទាវចាត់វិធានការជាបន្ទាន់ បញ្ជូនកម្លាំងដើម្បីបង្រ្កាបនូវភាពអនាធិបតេយ្យ ក្នុងការកាប់ទន្រ្ទានយកដីរដ្ឋ ដីព្រៃ កាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្លី ដោយត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនត្រូវពន្យាពេល ហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹមមិនអាចឲ្យកើត និងងើបឡើងសារជាថ្មី ដើម្បីបំផ្លាញព្រៃឈើ និងដីធ្លី របស់រដ្ឋនោះឡើយ។
តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវយ៉ាងទទូចដល់បងប្អូន ប្រជាពលរដ្ឋទំាងអស់ សូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋឲ្យសោះ ដោយករណីនេះរាជរដ្ឋាភិបាល នឹងចាត់វិធានការក្តៅដោយគ្មានការលើកលែងនោះឡើយ៕អត្ថបទ រដ្ឋា






