ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប កាលពីម្សិលមិញ បានសម្រេចឃុំខ្លួនមនុស្សពីរនាក់ ដែលជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។
លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរ មនុស្ស ខេត្តសៀមរាប បានឱ្យដឹងថា មនុស្សពីរនាក់ប្ដីប្រពន្ធ ដែលមានឈ្មោះ ឈឹង លី ភេទប្រុស អាយុ ៣៧ឆ្នាំ ជាប្ដី និងឈ្មោះ អាំ ទ្រោម ភេទស្រី អាយុ៣៦ឆ្នាំ ជាប្រពន្ធ មានទីលំនៅភូមិរវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានរកឃើញថា ជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃដោយ ខុសច្បាប់ កាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចម្ដុំច្រកចម្ការចេក ក្នុងខេត្តបន្ទាយមានជ័យ។
លោកស្រី បានបន្តថា មេខ្យល់នេះ បានដឹកនាំពលករមួយចំនួន មានបំណងលួចឆ្លងដែនចូលក្នុង ទឹកដីថៃ ដើម្បីរកការងារធ្វើ ដូចជាការងាររើសពងមាន់ ដែលបានរកចំណូលបានមួយថ្ងៃ៣០០បាត។
លោកស្រី អភិបាលរងខេត្ត បានបញ្ជាក់ថា ចម្លើយពីក្រុមពលករ និងចម្លើយរបស់ជនសង្ស័យ ទាំង ពីរនាក់ប្ដីប្រពន្ធនោះ សមត្ថកិច្ចបានពិនិត្យឃើញមានពិរុទ្ធភាពគ្រប់គ្រាន់ ក្នុងបទល្មើសការនាំយកចេញ ដោយមិនស្របច្បាប់ ដោយមានគោលដៅ ហើយសមត្ថកិច្ចជំនាញនគរបាលខេត្តសៀមរាប បានរៀបចំ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី នៃច្បាប់។ ប៉ុន្តែដោយសារអ្នកទាំងពីរនាក់នេះ កំពុងធ្វើចត្តាឡីស័ក ដូច្នេះត្រូវរង់ចាំការធ្វើចត្តាឡីស័កចប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ទើបធ្វើកំណត់ហេតុឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
លោកស្រី យូ សុភាព បានឱ្យដឹងថា ក្រោមកិច្ចសហការល្អ រវាងអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរ ខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ទើបសមត្ថកិច្ចអាចទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវការឆ្លងដែនដោយខុសច្បាប់នេះ។ ករណីនេះ សមត្ថកិច្ចសម្រេចបានជាច្រើនករណី ហើយនឹងបាន បញ្ជូនជនជាប់សង្ស័យជាមេខ្យល់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
ឋិតក្នុងដំណាក់កាល ដែលប្រទេសជាប់ព្រំដែនមានការបិទខ្ទប់ ដោយសារការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩នេះ លោកស្រីអភិបាលរងខេត្តសៀមរាប បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការគ្រប់គ្រង ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើស នៃការនាំចេញ នាំចូលប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈមេ ខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្ដន្ទាទោសតាមនីតិវិធីនៃច្បាប់៕
អត្ថបទ៖ ឈិត សាវី

