ស៊ូដង់៖ ប្រទេសស៊ូដង់ កុមារប្រហែល ៣០០នាក់ ត្រូវបានជម្លៀសចេញពីមណ្ឌលកុមារកំព្រានៅក្នុងទីក្រុង Khartoum ប្រទេសស៊ូដង់ ជាទីដែលទារករាប់សិបនាក់ កាលពីខែមុន ត្រូវបានគេរកឃើញថាបានស្លាប់ ចាប់តាំងពីពាក់កណ្តាលខែមេសារហូតមក ដោយសារតែសង្រ្គាមរវាងភាគីជម្លោះយោធាទាំង២ ។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលសម្របសម្រួលការជម្លៀសកុមារកាលពីថ្ងៃពុធ និយាយថា កុមារអាយុចម្លោះពី ១ឆ្នំា ទៅ ១៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាពស្ថិតនៅទីក្រុង Wad Madani ដែលមានចម្ងាយប្រហែល ២០០គ.ម ភាគអាគ្នេយ៍ទីក្រុង Khartoum ។
ICRCបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដំបូងថា កុមារ ២៨០នាក់ និងអ្នកមើលថែកុមារ ៧០នាក់ ត្រូវបានជម្លៀសចេញ ហើយអ្នកនាំពាក្យរបស់ ICRC និយាយថា ចំនួនកុមារដែលត្រូវបានជម្លៀសខ្លួនចេញ បានកើនឡើងដល់ ៣០០នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ។

ចំនួនកុមារខាងលើ ត្រូវបានបញ្ជាក់ដោយលោក Siddig Frini គឺជាអគ្គនាយកក្រសួងអភិវឌ្ឍន៍សង្គមទីក្រុង Khartoum ដែលគ្រប់គ្រងមណ្ឌលមើលថែកុមារមួយនេះ ។
ដោយឡែក លោក Mandeep O'Brien គឺជាអ្នកតំណាងមូលនិធិកុមារអន្តរជាតិ UNICEFរបស់អង្គការសហប្រជាជាតិ(UN)ប្រចាំនៅក្នុងប្រទេសស៊ូដង់ និយាយថា ការជម្លៀសខ្លួន បានផ្តល់ក្តីសង្ឃឹមថ្មី ស្របពេលជម្លោះនៅតែបន្តនៅក្នុងប្រទេសស៊ូដង់ ៕