អ៊ីស្រាអែល ៖ មនុស្សរាប់ម៉ឺននាក់ បានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមព្យុហយាត្រាឥន្ទធនូប្រចាំឆ្នាំរបស់ពួកគេ ជាការគាំទ្រដល់សិទ្ធិនៃសមាជិកសហគមន៍មនុស្សស្រលាញ់ភេទដូចគ្នាឬ LGBTQ+ ។
អំឡុងពិធីដង្ហែព្យុហយាត្រានេះ ពួកគេបានគ្រវីទង់ឥន្ទធនូ និងរាំលេងកម្សាន្ត ឆ្លងកាត់តាមផ្លូវក្នុងសម្លៀកបំពាក់ចម្រុះពណ៌ ស្របពេលដែលក្រុមមន្រ្តីនគរបាល ត្រូវបានដាក់ពង្រាយ ដើម្បីធានាសន្តិសុខ ។
ក្រុមអ្នកស្រឡាញភេទដូចគ្នា និងក្រុមអ្នកគាំទ្ររបស់ពួកគេ គឺជាក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលបានតវ៉ាអស់រយៈពេលជាង ២២សប្តាហ៍មកហើយ ប្រឆាំងនឹងរដ្ឋាភិបាលចម្រុះជាតិនិយមសាសនារបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ។
សហគមន៍មួយនេះ បានរាយការណ៍ពីកំណើនឧបទ្ទេវហេតុប្រឆាំងនឹងក្រុម LGBTQ ចំនួន ៤០០ភាគរយ ចាប់តាំងពីគណៈរដ្ឋមន្រ្តីរបស់លោក Netanyahu ត្រូវបានលើកបន្តុបកាលពីខែធ្នូ ឆ្នាំកន្លងទៅ ៕


