ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ពលរដ្ឋជាង ១លាន ៨សែននាក់ហើយ បានទទួលវ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស របស់រាជរដ្ឋាភិបាល។
ក្នុងរបាយការណ៍របស់ខ្លួនក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រជាពលរដ្ឋជាង ១លាន ៨២ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងដែលផ្ដល់ឱ្យដោយក្រសួងសុខាភិបាល និងក្រសួងការពារជាតិនៅក្នុងរយៈពេល ៣ខែកន្លងមកនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ហើយគិតនៅត្រឹមថ្ងៃទី១០ ខែឧសភាម្សិលមិញនេះ យុទ្ធនាការនេះ បានបន្តដំណើរការអស់រយៈពេល ៩០ថ្ងៃ ឬ៣ខែមកហើយ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ប្រជាពលរដ្ឋជិត ៩០ម៉ឺននាក់ បានទទួលវ៉ាក់សាំងចិនស៊ីណូវ៉ាក់ ហើយប្រជាពលរដ្ឋជាង ៧៧ម៉ឺននាក់ បានទទួលវ៉ាក់សាំងចិនស៊ីណូហ្វាម ខណៈដែលវ៉ាក់សាំងខូវីហ្ស៊ែល ត្រូវបានចាក់ជូនប្រជាពលរដ្ឋបានជាង ១៥ម៉ឺននាក់។
ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋជាង ១លាន ១១ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅក្នុងរយៈពេល ៣ខែមកនេះ។
បើតាមតួលេខកត់ត្រាដោយក្រសួងសុខាភិបាល ប្រជាពលរដ្ឋដល់ទៅជិត ២លាននាក់បានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនេះ ប៉ុន្តែ ប្រជាពលរដ្ឋដល់ទៅជាង ៦ម៉ឺន ៤ពាន់នាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនោះឡើយ ដោយសារមូលហេតុបញ្ហាសុខភាព៕