ចិន ៖ លោកស៊ី ជីងពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) បានអំពាវនាវឲ្យតំបន់ស្វ័យតម៉ុងហ្គោលីក្នុង (Inner Mongolia Autonomous Region) របស់ប្រទេសចិនភាគខាងជើង ប្រកាន់ខ្ជាប់នូវគោលជំហរយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការស្វែងរកការអភិវឌ្ឍបៃតង និងខិតខំចាប់ផ្ដើមដំណាក់ថ្មីនៃទំនើបកម្មរបស់ចិន។
លោក Xi ដែលជាប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាការយោធាមជ្ឈិម បានធ្វើការអត្ថាធិប្បាយបែបនេះ អំឡុងដំណើរទស្សនកិច្ចអធិការកិច្ច នៅទីក្រុង Hohhot នៃតំបន់ស្វយ័តមួយនេះ កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយក្នុងដំណើររបស់លោកទៅកាន់សួនឧស្សាហកម្ម Zhonghuan (ចុងហ៊័ន) កាលពីរសៀលថ្ងៃពុធ លោកស៊ី បានថ្លែងថា ការអភិវឌ្ឍបៃតង គឺជាមាគ៌ាដែលត្រូវតែអនុវត្ត។
លោកស៊ី បានបន្តថា អាទិភាពចម្បងនៃការអភិវឌ្ឍរបស់តំបន់ម៉ុងហ្គោលីក្នុង (Inner Mongolia) គឺការកែប្រែ និងការកែលម្អនូវឧស្សាហកម្មថាមពលបែបប្រពៃណី ការអភិវឌ្ឍថាមពលបៃតងយ៉ាងខ្លាំងក្លា និងការពង្រឹងមូលដ្ឋានថាមពលដ៏សំខាន់របស់ប្រទេស។ លោកស៊ី ក៏បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីអនុវត្តការបើកចំហកម្រិតខ្ពស់ និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយប្រទេសដទៃទៀតរបស់ពិភពលោក។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកស៊ី បានស្តាប់របាយការណ៍ការងារពីគណៈកម្មាធិការបក្ស និងរដ្ឋភិបាលនៃតំបន់ម៉ុងហ្គោលីក្នុង (Inner Mongolia) ហើយលោកបាននិយាយពីការពេញចិត្តចំពោះសមិទ្ធផលនានា។ លោកស៊ី បានបញ្ជាក់ថា តំបន់ម៉ុងហ្គោលីក្នុង (Inner Mongolia) គឺជាមូលដ្ឋានដ៏សំខាន់នៃប្រភពធនធានថាមពល និងយុទ្ធសាស្ត្ររបស់ប្រទេស ជាមូលដ្ឋានផលិតកម្មដ៏សំខាន់របស់តំបន់ សម្រាប់ផលិតផលកសិកម្ម និងបសុសត្វ ព្រមទាំងជាច្រកទ្វារដ៏សំខាន់ សម្រាប់ការបើកផ្លូវឆ្ពោះទៅកាន់ខេត្តនានា និងតំបន់ភាគខាងជើងរបស់ប្រទេសចិន៕

