ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សដទៃ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសរុបចំនួន ១៤០នាក់ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

មានមតិសំណេះសំណាលទៅកាន់បងប្អូនដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរពីគណបក្សដទៃ ដើម្បីមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទាំង ១៤០នាក់ ឯកឧត្តមបានពាំនាំនូវសារសួរសុខទុក្ខ និងសារស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី។
ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ហើយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា សមាជិកថ្មីយើងនឹងក្លាយជាសកម្មជនដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើងឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមបញ្ជាក់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងរីកចំរើនជឿនលឿនបាន។ឯកឧត្តមក៏បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ១៤០រូប គោរពលក្ខន្តិកៈរបស់គណបក្ស រក្សាគោលជំហរស្មោះត្រង់ចំពោះគណបក្ស ត្រូវផ្សព្វផ្សាយអំពីអំពើល្អ និងសមិទ្ធផលជាច្រើនដែលសម្តេចប្រធាន និងគណបក្សបាន និងកំពុងសម្រេច ពិសេសទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចប្រធាន និងគណបក្សឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕






