បារាំង ៖ ប្រជាជនតំបន់ Annecy ប្រទេសបារាំងបានដាក់ផ្កាកុលាបពណ៌សនៅសួនកុមារ ជាទីដែលក្មេងៗទើបចេះដើរ ៤ នាក់ និងមនុស្សចំណាស់ចូលនិវត្តន៍ ២ នាក់ត្រូវបានចាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ដោយជនសង្ស័យដែលជាជនភៀសខ្លួនជនជាតិស៊ីរី នៅក្នុងទីក្រុងដ៏ស្ងប់ស្ងាត់ របស់ប្រទេសបារាំង។
កុមារដែលរងរបួសក្នុងការវាយប្រហារនោះមានអាយុចន្លោះពី២២ខែដល់៣ឆ្នាំ។ កុមាររងរបួសទាំង២នាក់ និងមនុស្សពេញវ័យម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកជនរងគ្រោះផ្សេងទៀតមិនសូវជារបួសធ្ងន់ទេ ។
ឧទ្យាន Le Paquier ( ឡឺផាឃ្យេ) ជាទីដែលការវាយប្រហារបានកើតឡើងគឺមានការពេញនិយមពីប្រជាជនក្នុងតំបន់ និងអ្នកទេសចរដែលមកលេងតំបន់ Annecy នៅរដូវក្តៅដើម្បីជិះទូកនៅលើទឹកបឹងពណ៌ខៀវ និងដើរកម្សាន្តព្រៃភ្នំក្បែរនោះ។
នាយករដ្ឋមន្ត្រីបារាំងលោកស្រី Elisabeth Borne បាននិយាយថា ជនសង្ស័យជាជនភៀសខ្លួនជនជាតិស៊ីរីអាយុ ៣១ឆ្នាំ បានទទួលសិទ្ធិជ្រកកោននៅប្រទេសស៊ុយអែតកាលពី ១០ ឆ្នាំមុន និងរស់នៅប្រទេសបារាំងដោយស្របច្បាប់។ រដ្ឋអាជ្ញាក្នុងតំបន់ដែលដឹកនាំការស៊ើបអង្កេតនេះ បាននិយាយថា មិនមានការចង្អុលបង្ហាញថាជាអំពើភេរវនិយមគឺជាមូលហេតុក្នុងការវាយប្រហារនោះទេ។ ជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប៉ុនប៉ងមនុស្សឃាត៕

