បារាំង ៖ ចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរកឃើញសម្ភារៈនុយក្លេអ៊ែរដែលពពុំបានប្រកាសកាលពីពេលមុននៅទីតាំងចំនួនពីរក្នុងប្រទេសអ៊ីរ៉ង់។ គណៈកម្មការធិការ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំនៅទីក្រុងវីយែន ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍។ គណៈកម្មការធិការនេះ បានពិភាក្សាអំពីវត្តមាននៃភាគល្អិតអ៊ុយរ៉ាញ៉ូម ដែលពុំបានប្រកាសកាលពីពេលមុន នៅទីតាំងចំនួនបីក្នុងប្រទេសអ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់បានពន្យល់ថា វត្ថុធាតុនុយក្លេអ៊ែរ ប្រហែលជាត្រូវបានប្រើប្រាស់នៅកន្លែងស្រាវជ្រាវមួយ ដែលទាក់ទងនឹងអតីតអណ្តូងរ៉ែមួយកន្លែង នៅទីតាំងមួយក្នុងចំណោមនោះ។
អគ្គនាយក IAEA លោក Rafael Grossi និយាយទៅកាន់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារនេះបានទទួល «ការឆ្លើយតប ដែលអាចជឿទុកចិត្តបាន» ។ ប៉ុន្តែលោកបាននិយាយបន្ថែមថា «យើងមិនមានមធ្យោបាយណាមួយដើម្បីបង្ហាញភស្តុតាង ឬបដិសេធនោះទេ។ អង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ទីភ្នាក់ងារនេះបានរាយការណ៍ថា ពុំមានជំហានរីកចម្រើនឆ្ពោះទៅរកដំណោះស្រាយបញ្ហាការពារដែលនៅសេសសល់ នៅកន្លែងពីរផ្សេងទៀតនោះទេ។
សេចក្តីថ្លែងការណ៍នេះ បានជំរុញឱ្យអ៊ីរ៉ង់បញ្ជាក់ច្បាស់ និងដោះស្រាយបញ្ហាសេសសល់ទាំងអស់ មុនពេលកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាភិបាល IAEA ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែកញ្ញា។ សេចក្តីថ្លែងការណ៍និយាយថាប្រសិនបើអ៊ីរ៉ង់មិនធ្វើបែបនេះនោះទេ ក្រុមប្រឹក្សាភិបាលនឹងត្រូវរៀបចំដើម្បីចាត់វិធានការបន្ថែមទៀត។

