
ប្រទេសសម្ព័ន្ធមិត្តនៅជុំវិញពិភពលោក បានសន្យាបង្កើនជំនួយដល់ប្រទេសកាណាដា ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃរាប់រយកន្លែងនៅទូទាំងប្រទេស អំឡុងរដូវភ្លើងឆេះដ៏អាក្រក់បំផុតពុំធ្លាប់ដែលមាននៅក្នុងប្រទេសមួយនេះ។
ភ្លើងឆេះព្រៃដែលបានឆាបឆេះខ្លាំងអស់រយៈពេលជាង ១ខែកន្លងមកនេះ បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ និងបង្កឲ្យមានផ្សែងហុយផងដែរ លើទឹកដីសហរដ្ឋអាមេរិក។
ដីព្រៃទំហំប្រហែល ៤.៣លានហិកតា រងការឆាបឆេះរួចទៅហើយ ពោលគឺស្មើនឹងប្រហែល ១៥ដងនៃទំហំភ្លើងឆេះព្រៃជាមធ្យមប្រចាំក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ។ ស្ថានភាពអាកាសធាតុក្តៅស្ងួត ត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទៀត។
ភ្លើងឆេះព្រៃនេះដែរ បង្កផលប៉ះពាល់ដល់ប្រតិបត្តិការរ៉ែ នៅក្នុងប្រទេសកាណាដា និងបង្អាក់ជើងហោះហើរនៅសហរដ្ឋអាមេរិក ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សាលា Toronto District School Board ដែលជាសាលាធំជាងគេបំផុតរបស់កាណាដា បានកំណត់កាលបរិច្ឆេតឡើងវិញ ឬលើកពេលរាល់សកម្មភាពខាងក្រៅទាំងអស់ ដែលរួមទាំងទស្សនាសិក្សាទៅកាន់ទីវាល និងព្រឹត្តការណ៍តាមសាលាក្នុងស្រុក។
ទោះបីជាភ្លើងឆេះព្រៃ គឺជារឿងធម្មតានៅក្នុងប្រទេសកាណាដាក៏ដោយ វាមិនមែនជារឿងដូចមុននោះទេ សម្រាប់ឲ្យភ្លើងឆេះព្រៃ ឆាបឆេះក្នុងពេលដំណាលគ្នាបែបនេះ នៅតំបន់ភាគខាងកើត និងតំបន់ភាគខាងលិចប្រទេស បង្ខំឲ្យរដ្ឋាភិបាលបញ្ជូនយោធាទៅជួយ និងធ្វើឲ្យមានក្តីបារម្ភកាន់តែខ្លាំងចំពោះផលវិបាកធ្ងន់ធ្ងរបំផុតនៃបម្រែបម្រួលអាកាសធាតុ ។
រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សហរដ្ឋអាមេរិក បានបញ្ជូនក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ទៅកាន់ប្រទេសកាណាដា ហើយពួកគេនិយាយថា ជំនួយបន្ថែមទៀត កំពុងស្ថិតនៅតាមផ្លូវ៕

