កណ្ដាល ៖ បន្ទាប់ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានប្រកាសបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល មកអាជ្ញាធរមូលដ្ឋានក៏បានប្រកាសអោយគ្រប់រោងចក្រ ទាំងអស់នៅក្នុងតំបន់លឿង គឺអាចបើកដំណើរការឡើងវិញបាន ប៉ុន្តែត្រូវអនុវត្តតាមគោលដៅណែនាំថ្មី របស់រាជរដ្ឋាភិបាល ដោយត្រូវប្តូរវេន កាត់បន្ថយកម្មករនិយោជិកចូលបម្រើអោយបានពាក់កណ្តាល ដើម្បីធានាបានការរក្សាកន្លាតទប់ស្កាត់ការឆ្លងកូវីដ១៩។
បើតាមលោកស្រី អ៊ុក លីឡា ជំនួយការធនធានមនុស្ស នៅរោងចក្រ ប្រូពិសិដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅមក អាជ្ញាធរបានអនុវត្តអោយរោងចក្រចាប់ផ្តើមបើកដំណើរឡើងវិញបាន ហើយរោងចក្រប្រូពិសិដ្ឋនេះ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី៦ ខែឧសភា មកដល់ពេលនេះគឺបានបើកដំណើរការបានចំនួន៥ថ្ងៃហើយ។
លោកស្រី បន្តថា សម្រាប់ការងារបើកដំណើរការរោងចក្រគឺយើងត្រូវអនុវត្តរបៀបធ្វើការងារតាមបែបថ្មី តាមគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាននេះ ថ្វីត្បិត តែមានការប៉ះពាល់ ដល់សង្វាក់ផលិតកម្មរោងចក្របន្តិចមែន តែការធ្វើការងារតាមរបៀបថ្មីនេះ គឺអាចធានាបានការទប់ស្កាត់ ការរាតត្បាតមេរោគកូវីដ១៩ ពោលគឺការប្តូរវេន និងអនុញ្ញាតអោយកម្មករនិយោជិតចូលបម្រើការងារនៅត្រឹម៥០% ចំនួន២សប្តាហ៍ម្តងនេះ គឺ បានធ្វើអោយកន្លែងធ្វើការងារមានការរក្សាគន្លាតពីកម្មករទៅកម្មករម្នាក់ទៀត ជាដើម។
សម្រាប់ការបើកដំណើរការរោងចក្រឡើងវិញនេះ គ្រប់កម្មករកម្មការិនី ទាំងអស់ហាក់មានយល់ដឹងដោយខ្លួនឯងច្រើន ពោលគឺមានការផ្លាស់ប្តូរទំលាប់ចូលធ្វើការងារតាមរបៀបថ្មី ពោល គឺកម្មករកម្មការិនីម្នាក់ៗមានការប្រុងប្រយ័ត្ន មានដាក់ដបទឹកអាកុលជែលដាកជាប់នៅក្នុងខ្លួន មានការពាក់ម៉ាស់ត្រឹមត្រូវ មានការរក្សាគន្លាតគ្នា និងមានការវ៉ាស់កំដៅជាប់ជាប្រចាំផងដែរមុនពេលចូលនិងចេញពីធ្វើការងារ។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារលេខ២២/២១នោះដែរ ក៏បានបញ្ជាក់ថា សម្រាប់ការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិកនៅតាមរោងចក្រ ដែលបានបើកដំណើរការឡើងវិញនេះដែរ គឺគ្រប់ម្ចាស់ឬនាយករោងចក្រ សហគ្រាសត្រូវបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន៥០% និងប្រាក់ឧបត្ថម្ភនានាទៀតដែលបានពន្យាពេលនៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនកម្មករនិយោជិកមិនអោយហួសថ្ងៃទី១៤ ខែឧសភានេះឡើយ ។ ចំពោះបងប្អូនកម្មករដែលកំពុងស្ថិតក្នុងតំបន់ក្រហម ឬ តំបន់លឿងទុំ គឺសូមម្ចាស់ ឬនាយករោងចក្រ ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនោះតាមប្រព័ន្ធធនាគារជូនកម្មករនិយោជិកផងដែរ៕
អត្ថបទ ស៊ុម សុខជា