
នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិស៊ុយអែតបាននិយាយនៅថ្ងៃសុក្រ (៩ មិថុនា)នេះថា ប្រទេសស៊ុយអែតនឹងអនុញ្ញាតឱ្យអង្គការណាតូដាក់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន សូម្បីតែមុនពេលដែលខ្លួនចូលរួមជាសម្ព័ន្ធមិត្តការពារជាតិជាផ្លូវការក៏ដោយ។
ស៊ុយអែតបានស្នើសុំចូលជាសមាជិកណាតូកាលពីឆ្នាំមុន ដោយសារការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ការជំទាស់ពីប្រទេសទួរគី និងហុងគ្រី បានពន្យារពេលការចូលជាសមាជិកនេះ ហើយឥឡូវនេះស៊ុយអែតសង្ឃឹមថានឹងចូលរួមជាសមាជិកក្នុងកិច្ចប្រជុំកំពូលណាតូនៅប្រទេសលីទុយអានីនៅខែក្រោយ។
លោកនាយករដ្ឋមន្ត្រី Ulf Kristersson និងរដ្ឋមន្ត្រីការពារជាតិលោក Pal Jonson បាននិយាយថា "រដ្ឋាភិបាលបានសម្រេចចិត្តថាកងកម្លាំងប្រដាប់អាវុធស៊ុយអែតអាចរៀបចំត្រៀមខ្លួនជាមួយណាតូ និងប្រទេសសមាជិកណាតូ ដើម្បីផ្តល់លទ្ធភាពសម្រាប់បើកប្រតិបត្តិការរួមគ្នានាពេលអនាគត" ។
ពួកគេបាននិយាយនៅក្នុងបទវិចារណកថាមួយនៅក្នុងសារព័ត៌មាន Dagens Nyheter ប្រចាំថ្ងៃថា "ការរៀបចំអាចរួមមាន មូលដ្ឋានបណ្តោះអាសន្ននៃគ្រឿងយុទ្ធោបករណ៍ និងកងកម្លាំងបរទេសនៅលើទឹកដីស៊ុយអែត”៕
