
រដ្ឋាភិបាលប៉ាគីស្ថាន នឹងបង្ហាញថវិកាប្រចាំឆ្នាំរបស់ខ្លួនទៅកាន់សភា នៅថ្ងៃសុក្រនេះ ដែលធ្វើឡើងដើម្បីបំពេញបំណងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF ដើម្បីទទួលបានឱកាសណាមួយ ក្នុងការធានាបាននូវការចេញថវិកាសង្គ្រោះបន្ថែមទៀត ដោយប្រទេសដែលត្រូវរួបរឹតដោយវិបត្តិមួយនេះ គ្រោងនឹងរៀបចំការបោះឆ្នោត នៅខែវិច្ឆិកា។
ហានិភ័យនៃការខកខានសងបំណុលជាតិ កំពុងមានកាន់តែខ្ពស់ ដោយសេដ្ឋកិច្ចធ្លាក់ចុះក្រោមឱនភាពទ្វេដង និងអតិផរណាខ្ពស់បំផុត ដែលបានធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ប្រជាប្រិយភាពនៃរដ្ឋភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីលោក Shehbaz Sharif មុនពេលបោះឆ្នោត។
សេដ្ឋកិច្ចអាចធ្លាក់ចុះកាន់តែជិតដល់កម្រិតមហន្តរាយបំផុត ដោយសារការប៉ះទង្គិចចុងក្រោយ ដែលនាំឲ្យមានអស្ថិរភាពនយោបាយ ដោយអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ដែលជាមេដឹកនាំប្រឆាំងដ៏សំខាន់ បានជាប់ផុងក្នុងការតស៊ូដ៏គ្រោះថ្នាក់ជាមួយយោធាដ៏មានឥទ្ធិពលរបស់ប្រទេស។
ដើម្បីប្រឆាំងបិទបាំង ចំពោះឈុតឆាកនយោបាយដ៏សោកសៅនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ishaq Dar គ្រោងនឹងថ្លែងសុន្ទរកថាពីថវិកានៃក្រសួងរបស់លោកទៅកាន់សភា ក្រោយម៉ោង ៤:00រសៀល (ត្រូវនឹងម៉ោង ១១:00 ម៉ោងសកល) នៅថ្ងៃសុក្រនេះ។
តួលេខនៃថវិកាមួយចំនួនត្រូវបានប្រកាស កាលពីដើមសប្តាហ៍នេះ រួមទាំងការចំណាយលើការអភិវឌ្ឍចំនួន ១.១៥០ពាន់លានរូពីប៉ាគីស្ថាន (៤ពាន់លានដុល្លារ) និងគោលដៅកំណើនសេដ្ឋកិច្ច ៣,៥ភាគរយ សម្រាប់ឆ្នាំសារពើពន្ធខាងមុខនេះ។
កាលពីថ្ងៃព្រហស្បតិ៍ មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF បានឲ្យដឹងថា ខ្លួនកំពុងពិភាក្សាអំពីថវិកាជាមួយប៉ាគីស្ថាន។ ហើយរដ្ឋាភិបាលរបស់លោក Sharif សង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូល IMF ឲ្យព្រមបញ្ចេញយ៉ាងហោចណាស់ ២,៥ពាន់លានដុល្លារ ដែលនៅសេសសល់ ក្នុងកម្មវិធីជំនួយ ៦,៥ពាន់លានដុល្លារ ដែលប៉ាគីស្ថានបានចូលក្នុងឆ្នាំ២០១៩ ហើយដែលនឹងផុតកំណត់នៅចុងខែនេះ៕
