ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បន្ទាប់ពីទទួលបានជោគជ័យដ៏ធំក្នុងនាមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម៣២) និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ កម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩បន្ដទៀត។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានបញ្ចប់ដោយជោគជ័យ នាថ្ងៃនេះដោយសម្តេចសង្ឈឹមថា ប្រជាជនអាស៊ាន និងទីម័រឡេសជាង៦០០លាននាក់ពិតនឹងចង់ចាំមិនភ្លេចនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌកីឡាអាស៊ីអាគ្នេយ៍ និងក្របខណ្ឌកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
សម្តេចតេជោបានបញ្ជាក់ថា«បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទាំងការរៀបចំកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ដោយទទួលបានការទទួលសិទ្ធរួច ហើយពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាយុវជនអាស៊ី (Asean Youth Game)លើកទី៥នៅក្នុងឆ្នាំ២០២៩បន្តទៀត»។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាយុវជនអាស៊ី នឹងមានព្រឹត្តិការណ៍ និងទស្សនីយភាពធំជាងនេះទៅ ទៀត។
នៅក្នុងឱកាសបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏មិនភ្លេចថ្លែងអំណរអគុណដល់បណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រឡេស គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡា ដែលបានលើកកម្ពស់នូវ គុណតម្លៃបន្ថែមជូនដល់បងប្អូនអតពលិកមានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះផងដែរ៕ អត្ថបទ ៖ បាន ចក់





