រុស្ស៊ី ៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្របន្ទាប់ពីមន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីរុស្ស៊ី បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងថា អង្គការសហប្រជាជាតិ បានជួយជំរុញការនាំចេញស្បៀងអាហារ និងជីរបស់រុស្សី ដោយជួយសម្របសម្រួលឲ្យមានការចេញចូលជាប្រចាំនៃនាវាទៅកាន់កំពង់ផែរបស់ខ្លួន និងកាត់បន្ថយអត្រាដឹកទំនិញ និងការធានារ៉ាប់រង ។ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកស្រី Rebeca Grynspan បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Vershinin នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃសុក្រ ខណៈទីក្រុងមូស្គូ គំរាមដើរចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារនិងជីប្រកបដោយសុវត្ថិភាពពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែននៅថ្ងៃទី ១៧ ខែកក្កដា ប្រសិនបើឧបសគ្គនានាចំពោះការដឹកជញ្ជូនបែបនេះរបស់ខ្លួន ពុំត្រូវបានដកចេញនោះទេ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ប៉ុន្មានខែកន្លងទៅនេះ បានបង្ហាញពីភាពរីកចម្រើនជាក់ស្តែង លើការធ្វើឲ្យប្រសើរឡើងការនាំចេញរបស់រុស្ស៊ី ប៉ុន្តែបាននិយាយថាបញ្ហាប្រឈមនៅតែមានហើយយើងនឹងធ្វើអ្វីៗតាមដែលអាចធ្វើទៅបានដើម្បីជម្នះលើឧបសគ្គដែលនៅសេសសល់ទាំងអស់។ ខណៈការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ីពុំមែនស្ថិតនៅគោលដៅក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបន្ទាប់ពីការវាយលុកនៅខែកុម្ភៈ ឆ្នាំ ២០២២ លើអ៊ុយក្រែននោះ ទីក្រុងមូស្គូនិយាយថា ការរឹតត្បិតលើការទូទាត់ប្រាក់ ការដឹកជញ្ជូន និងការធានារ៉ាប់រង គឺជាឧបសគ្គចំពោះការដឹកជញ្ជូន។
លោក Dujarric បាននិយាយថា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ មន្ត្រីអង្គការសហប្រជាជាតិនឹងនៅតែផ្តោតសំខាន់លើការព្យាយាមធ្វើឲ្យប្រសើរបន្ថែមទៀតនូវការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ីមុនថ្ងៃទី ១៧ ខែកក្កដា។

