អាមេរិក ៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមគូប្រជែងនៅប្រទេសស៊ូដង់ បានព្រមព្រៀងលើបទឈប់បាញ់រយៈពេល ២៤ ម៉ោង។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់អារ៉ាប៊ីសាអ៊ូឌីត-អាមេរិក ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា អ្នកតំណាងរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស បានព្រមព្រៀងចំពោះបទឈប់បាញ់ទូទាំងប្រទេសរយៈពេល ២៤ ម៉ោង ដែលចាប់ផ្តើមនៅថ្ងៃទី ១០ ខែមិថុនា វេលាម៉ោង ៦:០០ ម៉ោងនៅក្នុងទីក្រុង Khartoum ។ ភាគីទាំងអស់បានព្រមព្រៀងគ្នាថា ក្នុងអំឡុងបទឈប់បាញ់ ពួកគេនឹងបញ្ឈប់ពីសកម្មភពដែលត្រូវបានហាមឃាត់ ការវាយប្រហារ ការប្រើប្រាស់យន្តហោះ ឬយានដ្រូន ការទម្លាក់គ្រាប់បែកពីលើអាកាស ការវាយប្រហារដោយកាំភ្លើងធំ ការបន្ថែមកម្លាំងនៅតាមទីតាំង និងការផ្គត់ផ្គង់ឡើងវិញដល់ដល់កម្លាំង ។ ពួកគេក៏បានព្រមព្រៀងអនុញ្ញាតឱ្យមានការធ្វើដំណើរដោយគ្មានការរារាំង និងការដឹកជញ្ជូនជំនួយមនុស្សធម៌នៅទូទាំងប្រទេស។ ប្រសិនបើត្រូវបានអនុវត្ត បទឈប់បាញ់រយៈពេល ២៤ ម៉ោង នឹងផ្តល់ឱកាសដ៏សំខាន់មួយក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ និងសម្រាប់ក្រុមគូប្រជែងក្នុងការកសាងទំនុកចិត្តដើម្បីបន្តកិច្ចចរចាសន្តិភាពរបស់ពួកគេនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអនុវត្តន៍ពេញលេញនៃកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន ហើយសង្ឃឹមថាភាគីម្ខាងទៀតនឹងអនុវត្តកិច្ចព្រមព្រៀងនេះដោយស្មោះត្រង់។ វិបត្តិបានកើតចេញពីការខ្វែងគំនិតគ្នាលើការរួមបញ្ចូលកងកម្លាំងគាំំទ្ររហ័សយោធាប៉ារ៉ា(RSF) ចូលទៅក្នុងកងទ័ពរបស់ប្រទេសស៊ូដង់ ជាផ្នែកមួយនៃការផ្លាស់ប្តូរឆ្ពោះទៅរកការគ្រប់គ្រងស៊ីវិល។ អ្នកតំណាងរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើបទឈប់បាញ់សម្រាប់គោលបំណងមនុស្សធម៌។ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្តនៅក្នុងតំបន់មួយចំនួនដូចជារដ្ឋធានី Khartoum ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំពានកិច្ចព្រមព្រៀងនេះ។

