ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានព្រមានខ្លាំងៗទៅដល់មន្រ្តីរបស់គណបក្សភ្លើងទៀនមួយរូប ជាកូនចៅរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលបានយករឿងរាជរដ្ឋាភិបាលមិនយកលុយពីបរទេសរឿងកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេកលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២មកវាយប្រហារ និងលាបពណ៌ដល់រាជរដ្ឋាភិបាលនោះ។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីសរុប ១៦,២៧២នាក់មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅបុគ្គល ស សាឡុងដេត សូមកុំធ្វើការវាយប្រហារ និងលាបពណ៌គ្មានសមហេតុសមផល មកលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលរាជរដ្ឋាភិបាលមិនគិតថ្លៃដល់គណ:ប្រតិភូ និងអត្តពលិកបរទេសមកប្រកួតនៅកម្ពុជា ខណៈព្រឹត្តិការណ៍នេះត្រូវបានបងប្អូនប្រជាពលរដ្ឋកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជារៀបចំនូវព្រឹត្តិការណ៍កីឡាក្នុងតំបន់មួយនេះទទួលបានជោគជ័យយ៉ាងត្រចះប្រចង់នោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងអស់ដែលបានចូលរួមប្រជុំកាលពីថ្ងៃទី៣ ខែមិនថុនា ឆ្នាំ២០២៣ជាមួយបុគ្គល ស សាឡុងដេត សូមកុំឲ្យធ្វើតាម និងអនុវត្តន៍តាមបុគ្គលរូបនេះឲ្យសោះ បើសិនហ៊ានធ្វើតាមបុគ្គលរូបនេះសម្តេចនឹងមិនលើកលែងឲ្យនោះទេខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះមិនមែនជារឿងលាបពណ៌ និងយកមកវាយប្រហារ ខុសរឿងនោះទេ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា សម្តេចនឹងមិនលើកលែងឲ្យទាំងអស់ចំពោះអ្នកណាក៏ដោយ ដែលនៅជាប់ទំនាក់ទំនងជាមួយទណ្ឌិតក្បត់ជាតិបីជំនាន់ តែសម្តេចនៅតែប្រកាន់ជំហរដដែលថាំ នឹងមានការលើកលែងទោសប្រសិនបុគ្គលនោះផ្តាច់ខ្លួនចេញពីទណ្ឌិតក្បត់ជាតិបីជំនាន់បច្ចុប្បន្នកំពុងរត់ចោលស្រុករូបនេះ៕ អត្ថបទ ៖ បាន ចក់




