កូឡុំប៊ី ៖x ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បាននិយាយថា កុមារ៤នាក់មកពីសហគមន៍ជនជាតិដើមភាគតិចក្នុងប្រទេសកូឡុំប៊ី ត្រូវបានរកឃើញនៅរស់រានមានជីវិតនៅភាគខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា រយៈពេលច្រើនជាង៥សប្តាហ៍ បន្ទាប់ពីយន្តហោះដែលពួកគេកំពុងធ្វើដំណើរបានធ្លាក់ក្នុងព្រៃក្រាស់។ លោក Petro បាននិយាយថា ពេលនេះកុមារទំាង៤នាក់ កំពុងទទួលបានការថែទាំសុខភាព ហើយនឹងធ្វើដំណើរទៅកាន់ទីក្រុង Bogota ឬត្រឡប់ទៅលំនៅឋានតំបន់ Villavicencio នៅពេលដែលគ្រូពេទ្យប្រាកដថា ពួកគេមានភាពរឹងមាំផ្នែករាងកាយ និងផ្លូវចិត្ត។ កុមារទាំង៤នាក់ត្រូវបានជួយសង្គ្រោះដោយយោធា ដែលមានជំនួយពីសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ក្បែរព្រំដែនរវាងខេត្ត Caqueta និងខេត្តGuaviare របស់ប្រទេសកូឡុំប៊ី នៅជិតកន្លែងដែលយន្តហោះខ្នាតតូចបានធ្លាក់។ រូបភាពដែលបានចែករំលែកដោយយោធារបស់ប្រទេសកូឡុំប៊ី បានបង្ហាញពីទាហានមួយក្រុមនៅជាមួយនឹងកុមារទាំងបួននាក់នៅកណ្តាលព្រៃ។ យន្តហោះប្រភេទ Cessna 206 បានដឹកមនុស្ស ៧ នាក់ក្នុងផ្លូវធ្វើដំណើរចន្លោះក្រុង Araracuara ក្នុងខេត្ត Amazonas និងទីក្រុង San Jose del Guaviare ជាទីក្រុងក្នុងខេត្ត Guaviare នៅពេលនោះយន្តហោះបានចេញការប្រកាសអាសន្ន ដោយសារបញ្ហាម៉ាស៊ីន កាលពីព្រឹកព្រលឹមថ្ងៃទី ១ ខែឧសភា។
មនុស្សពេញវ័យបីនាក់ រួមទាំងអាកាសយានិកបានស្លាប់ ដោយសារការធ្លាក់យន្តហោះ ហើយសាកសពរបស់ពួកគេត្រូវបានរកឃើញនៅខាងក្នុងយន្តហោះ។ កុមារទាំងបួននាក់មានអាយុ ១៣ឆ្នាំ ៩ឆ្នាំ និង ៤ ឆ្នាំ ព្រមទាំងទារកអាយុ ១២ ខែម្នាក់ បាននៅរស់រានមានជីវិតពីឧបទ្ទវហេតុនេះ។
ក្រុមអ្នកជួយសង្គ្រោះ ដែលគាំទ្រដោយសត្វសុនខស្វែងរក កាលពីពេលមុន បានរកឃើញផ្លែឈើ គេបោះចោលដែលក្មេងៗបានបរិភោគដើម្បីរស់ ព្រមទាំងទីជម្រកដែលបង្កើតឡើងដោយដើមរុក្ខជាតិព្រៃ។

