គុយបា ៖ ព្យុះដ៏ខ្លាំងនៅក្នុងប្រទេសគុយបា បានបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្ងៃសុក្រទី ៩ ខែមិថុនា ដោយតំបន់ភាគកណ្តាល និងភាគខាងកើតនៃកោះនេះ រងផលប៉ះពាល់ខ្លាំងជាពិសេស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ការជន់លិចទន្លេជាច្រើន បានធ្វើឲ្យបាក់ស្ពាន នៅតំបន់ជនបទ ដែលបណ្តាលឲ្យភូមិនានាត្រូវបានកាត់ផ្តាច់។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺទីក្រុង Jiguani ដែលនៅតែគ្មានអគ្គិសនីប្រើប្រាស់ ហើយក្រុមគ្រួសារជាច្រើនត្រូវបានជម្លៀសខ្លួនចេញ បន្ទាប់ពីទឹកទន្លេបានពេញហៀរ។ អាជ្ញាធរអាកាសធាតុ កំពុងព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរថ្ងៃបន្ទាប់។
ការថតរូបភាពដោយឧទ្ធម្ភាគចក្រ បានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋាភិបាលគុយបា បង្ហាញឲ្យឃើញទីក្រុងនានានៅទូទាំងប្រទេសគុយបា បានជន់លិចទាំងស្រុងកាលពីថ្ងៃសុក្រ បន្ទាប់ពីព្យុះដ៏ខ្លាំងបានវាយប្រហារតំបន់ភាគកណ្តាល និងភាគខាងកើតកោះនេះ។
អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ក្នុងពេលមានទឹកជំនន់។

