បាល់ទាត់៖ Juventus ប្រឈមនឹងការដកចេញពីក្របខណ្ឌអ៊ីតាលី Serie A ប្រសិនបើនៅតែមិនព្រមដកខ្លួនចេញពី European Super League។ Juventus ជាក្លិបមួយក្នុងចំណោម ៣ ជាមួយនឹងក្លិបអេស្ប៉ាញទាំងពីរ Real Madrid និង Barcelona ដែលបានចេញសេចក្តីថ្លែងការរួមគ្នាកាលពីថ្ងៃអាទិត្យ ពីជំហររបស់ខ្លួនជាមួយ European Super League ពីការការពារគម្រោងរបស់ខ្លួន។
ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី លោក Gabriele Gravina បាននិយាយថា បើ Juventus មិនគោរពតាមច្បាប់នោះ ពួកគេមិនអាចប្រកួតនៅ Serie A បានទៀតឡើយ ដោយក្នុងច្បាប់បានចែងថា ក្រុមណាមួយនៅ Serie A មិនអាចចូលរួមការប្រកួតណាមួយដែលមិនទទួលស្គាល់ដោយ FIFA រឺ UEFA។ រំលឹកថា កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ European Super League ត្រូវបានប្រកាសជារូបរាង តែត្រឹម ៤៨ម៉ោងប៉ុណ្ណោះមតិរិះគន់ផ្ទុះឡើងពីមជ្ឈដ្ឋានទូទៅ ជាពិសេសមានបាតុកម្មផ្ទុះឡើងពីអ្នកគាំទ្រ បូករួមទាំងការប្រកាសថ្កោលទោសពីរដ្ឋាភិបាលអង់គ្លេស ដែលធ្វើអោយក្លិបអង់គ្លេសទាំង ៦ ប្រកាសដកខ្លួនមុនគេ។ ក្លិបស្ថាបនិកដែលនៅសល់ទាំង ៣ បានប្រកាសពីការការពារគំរោងរបស់ខ្លួន ដែលពួកគេថា ជាការជួយស្រោចស្រង់បាល់ទាត់ពីវិបត្តិ Covid-19 ដែលពួកគេរងគ្រោះយ៉ាងដំណំផ្នែកហិរញ្ញវត្ថុ៕
អត្ថបទ៖នាង សុភាវុធ