ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា រាល់សមិទ្ធផលទាំងអស់ដែលកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ពីការធ្វើជាម្ចាស់ផ្ទះ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣នេះ គឺជាមោទកភាពរបស់បងប្អូនប្រជា ពលរដ្ឋខ្មែរគ្រប់រូប ហើយក៏ជានិមិត្តសញ្ញាទុករាប់រយឆ្នាំទៅមុខទៀតដល់កូនខ្មែរជំនាន់ក្រោយផងដែរ។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីសរុប ១៦,២៧២នាក់មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺត្រូវបានពិភពលោកទទួលស្គាល់ និងបានកោតសរសើរ ស្ទើគ្រប់ៗគ្នា វាខុសអីតែពួកក្រុមអគតិខ្មែរមួយក្តាប់តូចវាយកមកវាយប្រហារម្តងហើយម្តងទៀត តែទោះ ជាយ៉ាងណាក៏ដោយវាជាជោគជ័យដ៏ធំសម្រាប់ប្រទេសជាតិទាំងមូល។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា ជោគជ័យលើការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ គឺជាសមិទ្ធផល និងជាស្នាដៃរបស់ប្រជាពលរដ្ឋទាំងអស់ មិនមែនជាស្នាដៃសម្តេចតេជោ និងរាជរដ្ឋាភិបាលតែម្ខាងនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរ គប្បីមានមោទនភាពគ្រប់ៗគ្នា៕
អត្ថបទ ៖ បាន ចក់




