ភ្នំពេញ៖ ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតប្រទេសទាំងពីរ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយវិទ្យុមិត្តភាព កម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រៀបចំការសម្តែង Flash Mob នៅពហុកីឡាដ្ឋានមរតតេជោ ។
អ្នកសម្ដែងក្នុងកម្មវិធីនេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៃថ្ងៃបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺមកពីវិស័យសិល្បៈ នៃប្រទេសកម្ពុជា និងចិន បានសម្ដែងតាមបែបបទ “Flash Mob” ឬ “ការសម្តែងពញាក់ អារម្មណ៍ទស្សនិកជន” ប្រកបដោយបរិយាកាសសប្បាយរីករាយ ជូនទស្សនិកជនកម្ពុជា ។
បើតាមក្រុមការងាររៀបចំពិធីនេះ បានឲ្យដឹងថា អ្នកសម្ដែងភាគីចិនច្រៀងចម្រៀងចិនដែលល្បីពេញនិយម នៅក្នុង ប្រទេសកម្ពុជានៃបទមួយចំនួន ចំណែកអ្នកសម្ដែងកម្ពុជាវិញ ក៏បានច្រៀងបទ “ស្រណោះប្រទេសចិន” ដែលជាព្រះរាជ និពន្ធរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ហើយក៏មានការសម្ដែងល្ខោន ប្ដូររបាំង មុខចិនដ៏អស្ចារ្យផងដែរ ។
កញ្ញា មាស អាលីស តារាចម្រៀងក្នុងកម្មវិធី Flash Mob បានបង្ហាញការសប្បាយចិត្ត រំភើប ចំពោះចំណងមិត្តភាព ប្រទេសចិន និងប្រទេសកម្ពុជា ដែលជាមហាមិត្ត តាំងពីជំនាន់ សម្តេចតា ព្រះបរមរតនកោដ្ឋ មកម្លេះ ហើយ ក្នុងនាមនាងជាសិល្បករជំនាន់ក្រោយ ដែលតំណាងខាងប្រទេសកម្ពុជានៅពេលនេះ គឺមានកិត្តិយស ដែលខាង ប្រទេសចិន ក៏ដូចជាក្រុមការងារចិន ដែលបានផ្តល់ឱកាស និងកិត្តិយស បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។
គួរបញ្ជាក់ថា កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយប្រទេសចិន និងកម្ពុជា មានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ និងរហូតមកដល់ពេលនេះ ការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគី មានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវ ជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយ អនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ៕ អត្ថបទ ៖ បាន សុខរិទ្ធិ









